(កំពង់ធំ)៖ លោក សុខ ហៃ អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវប្រជាពលរដ្ឋត្រូវរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចចំពោះជនណាមកទន្ទ្រានដីតំបន់បីដែលបានកាត់ឆ្វៀលរួច។
លោក សុខ ហៃ បានអំពាវនាវយ៉ាងដូច្នេះ ពេលលោក និងក្រុមការងារចុះពិនិត្យ និងបោះបង្គោលទីតាំងដីតំបន់៣ដែលសម្តេចតេជោ ប្រកាសឆ្វៀលជូនប្រជាពលរដ្ឋ ស្ថិតនៅទីតាំងដីតំបន់ ខ្ទមរាយ ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ (នៅខាងជើងស្ទឹង) ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២២ ខែមថុនា ឆ្នាំ២០២២។
លោកបានបន្តថា «ក្រោយពីការកាត់ឆ្វៀលហើយ ប្រជាពលរដ្ឋមានសិទ្ធិអាស្រ័យផល និងធ្វើការទិញលក់បានដោយស្របច្បាប់ ហើយចំពោះអ្នកដែលមានព្រំដីជាប់ជាមួយដីរបស់រដ្ឋត្រូវរួមគ្នាដាំដើមឈើឡើងវិញ ហាមពង្រីកបន្ថែមដាច់ខាត និងចូលរួមការពារមិនឲ្យអ្នកណាផ្សេងមកអាស្រ័យផលឡើយ»។
លោកថា «ចំពោះការដាំបង្គោលបោះបង្គោលព្រំត្រូវបោះឲ្យបានជាប់មិនមែនបង្គោលចេះដើរនោះទេ ក្រុមការងារនឹងធ្វើការត្រួតពិនិត្យទើបង្គោលព្រំរៀងរាល់៦ខែម្តង ដោយមាននិយាមការណ៍កំណត់ច្បាស់លាស់ ប្រសិនបើក្រុមការងារ ពិនិត្យឃើញថាបងប្អូនមានការបង្ខិតបង្គោលព្រំបងប្អូនត្រូវទទួខុសត្រូវចំពោះមុខច្បាប់»។
ចុងក្រោយលោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមបោះបង្គោលព្រំឲ្យបានឆាប់ និងចូលរួមថែរក្សាការពារដាំដើមឈើឡើងវិញសម្រាប់កូនចយើងជំនាន់ក្រោយ។
គួរបញ្ជាក់ថា ដីតំបន់បីនៅស្រុកកំពង់ស្វាយ ដែលត្រូវកាត់ឆ្វៀលជូនប្រជាពរដ្ឋមានចំនួន ៤,០៧៣ ហិចតា ស្មើនឹង៩៤០ក្បាលដី ក្នុងនោះប្រជាពរដ្ឋ៨៦០គ្រួសារ ដោយឡែកឃុំកំពង់គោមានចំនួន២,៨២៧ហិកតា។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការសម្រេចដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងចាត់ទុកថា នេះជាការដឹងសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង៕