(តាកែវ)៖ មនុស្សចំនួន១៣នាក់ ដែលកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចាប់ខ្លួនតាមវង់ល្បែងស៊ីសងខុសច្បាប់ពីបណ្ដាស្រុកនៅក្នុងខេត្តតាកែវ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ត្រូវបានលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាធខេត្ត សម្រេចចោទប្រកាន់ពីបទ «លេងល្បែងស៊ីសងខុសច្បាប់»។
លោក ឯក ឆេងហ៊ួត បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា «មនុស្សទាំង១៣នាក់នេះ ខ្ញុំបានចោទប្រកាន់ពីបទលេងល្បែងស៊ីសង ហើយបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការទៅតាមច្បាប់»។ ពាក់ព័ន្ធសំណុំរឿងនេះ លោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តតាកែវ បានបង្វែសំណួរទៅសួរអយ្យការវិញ ព្រោះលោកមិនទាន់បានឃើញសំណុំរឿងបញ្ជូនមកចៅក្រមនៅឡើយទេ។
លោក ង៉ែត ចន្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ដែលដឹកនាំកម្លាំងចុះចាប់អ្នកលេងល្បែងស៊ីសងខុសច្បាប់បានថ្លែងថា មនុស្សទាំង១៣នាក់ដែលលោកបានចាប់បញ្ជូនទៅតុលាការ ត្រូវបានតុលាការដោះលែងជាបណ្ដោះអាសន្នហើយ។
លោកថ្លែងថា «ចៅក្រមបានសម្រេចឲ្យជនជាប់ចោទទាំង១៣នាក់នៅក្រៅឃុំបណ្ដោះអាសន្ន ដោយរង់ចាំសវនាការជម្រុំជម្រះនៅពេលខាងមុខ»។
ប្រជាពលរដ្ឋក្នុងខេត្តតាកែវរំពឹងថា លោកព្រះរាជអាជ្ញាខេត្តតាកែវថ្មីឯក ឆេងហ៊ួត ដែលទើបនឹងផ្លាស់មកពីខេត្តកំពត នឹងធ្វើការបង្រ្កាបក្រុមលេងល្បែងស៊ីសងខុសច្បាប់នេះដោយគ្មានប្រណី ដើម្បីចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមា នសវុត្ថិភាព៕