(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ បានលើកឡើងថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាប្រាថ្នាចង់ឃើញដែនសមុទ្រចិនខាងត្បូង ជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព
ការលើកឡើងបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ នៅឯទីស្តីការក្រសួងការពារជាតិ។
ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា បរិបទដែនសមុទ្រក្នុងតំបន់មានការវិវត្តគួរឱ្យកត់សម្គាល់ ហើយការវិវត្តទាំងនេះ ក៏បានបណ្តាលឱ្យមានបញ្ហាប្រឈមជាច្រើនពាក់ព័ន្ធនឹងសន្តិសុខលំហសមុទ្រផងដែរ។ សម្តេចគូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលម្ហសមុទ្រជាក់ស្ដែងដែលយើងត្រូវបន្តធ្វើរួមគ្នា។
ប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាប្រាថ្នាចង់ឃើញដែនសមុទ្រនេះ ជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។ យើងនឹងបន្តការប្ដេជ្ញាចិត្តក្នុងការធ្វើការរួមគ្នារវាងអាស៊ាន និងចិន ដើម្បីជំរុញការអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវ DOC និងពន្លឿនការចរចាក្រមប្រតិបត្តិ COC ដែលមានខ្លឹមសារប្រសិទ្ធិភាព និងស្របតាមច្បាប់អន្តរជាតិ រួមមាន UNCLOS 1982 ផងដែរ។
ទន្ទឹមនឹងនេះ សម្តេចពិជ័យសេនា ក៏បានក៏អំពាវនាវសារជាថ្មីទៀតឱ្យមានការអត់ធ្មត់ និងចៀសវាងការប្រើប្រាស់កម្លាំងនៅក្នុងការដោះស្រាយបញ្ហា។
បើតាមសម្តេចពិជ័យសេនា ទៀ បាញ់, សព្វថ្ងៃនេះអាស៊ានត្រូវការនិន្នាការពហុភាគីនិយម ដូចជាយន្តការអាស៊ាន និងសាមគ្គីភាពរវាងបណ្ដាប្រទេសនានាជាដើម ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះរួមគ្នា។ កម្ពុជាក្នុងនាមជាប្រធាន ADMM 2022 មិនចង់ឃើញមានការបែងចែកណាមួយ និងមានសុឆន្ទៈខ្ពស់ក្នុងការពង្រឹងសាមគ្គីភាពក្នុងចំណោមសមាជិកអាស៊ាន និងជាមួយដៃគូសន្ទនា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយប្រកបដោយបរិយាប័ន្ន។
បញ្ហាសមុទ្រចិនខាងត្បូង បានក្លាយទៅជាជម្លោះដណ្តើមដែនទឹកដ៏រ៉ាំរ៉ៃរាប់សិបឆ្នាំរវាងប្រទេសមហាអំណាចចិន និងប្រទេសអាស៊ានចំនួន៤ ក្នុងនោះមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។ ជម្លោះនេះបានចាប់ផ្តើមកើនឡើងខ្លាំងនៅពេលដែលចិនចាប់ផ្តើមធ្វើកោះសិប្បនិម្មិតនៅក្នុងសមុទ្រចិនខាងត្បូង ខណៈអាស៊ាន និងមជ្ឈដ្ឋានអន្តរជាតិ បានអំពាវនាវឱ្យប្រទេសជម្លោះទាំងអស់ រក្សាភាពអត់ធ្មត់ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។
ជាមួយនឹងការខិតខំចូលរួមដោះស្រាយបញ្ហានេះ កាលពីឆ្នាំ២០០២ ខណៈដែលកម្ពុជាធ្វើជាប្រធានអាស៊ាន លើកដំបូង អាស៊ាន-ចិន បានចេញសេចក្តីថ្លែងការណ៍ក្រមប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC)។ ប្រទេសទាំងអស់ ក៏កំពុងខិតខំជំរុញឱ្យមានសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង (COC) មួយដែលអាចទទួលយកបាន ដើម្បីបញ្ចប់ជម្លោះ ក្នុងដែនសមុទ្រចិនខាងត្បូងផងដែរ។
កាលពីខែធ្នូ ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាមុនទៅកាន់មជ្ឈដ្ឋានអន្តរជាតិ ដើម្បីកុំឱ្យមានការបន្ទោសលើកម្ពុជា ប្រសិនបើសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង (COC) មិនអាចចេញបាន នៅឆ្នាំ២០២២នេះ ដូចពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០១២ ដោយសម្តេចបានទម្លាយថា មូលហេតុដែលនៅពីក្រោយការមិនអាចចេញសេចក្តីថ្លែងការណ៍ COC បានពេលនោះ គឺជាការចាប់បង្ខំឲ្យកម្ពុជាធ្វើចៅក្រមកាត់សេចក្តីលើដែនអធិបតេយ្យសមុទ្រចិនខាងត្បូង៕