(ភ្នំពេញ)៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលកើតចេញពីបណ្តុំនៃអង្គការសង្គមស៊ីវិល បានរក្សាគោលជំហរមិនធ្វើយុទ្ធនាការ ដើម្បីឱ្យមានការដោះលែង មន្រ្តីអាដហុក និងគ.ជ.ប ដូចគណបក្សសំបុកឃ្មុំ និងគណបក្សយុវជនកម្ពុជា នោះឡើយ។ នេះបើតាមការបញ្ជាក់ពី អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៉ីន។
លោក សាម អ៉ីន អគ្គលេខាធិការបក្ស និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ បានថ្លែងប្រាប់អង្គភាព Fresh News ឱ្យដឹងថា «រាល់ការប្រឹងប្រែងសុំឱ្យដោះលែងពួកគាត់ ខ្ញុំគិតថាវាជារឿងល្អប្រសើរ តែរហូតដល់ពេលនេះ គណបក្សមូលដ្ឋាន មិនមានការបើកយុទ្ធនាការ ក្នុងការប្រមូលស្នាមមេដៃ គ្រាន់តែធ្វើការអំពាវនាវតាមរយៈទំព័រ Facebook ជាផ្លូវការ របស់គណបក្ស ដោយសុំឱ្យរាជរដ្ឋាភិបាល គោរពសិទ្ធិសេរីភាពរបស់អ្នក ដែលបំពេញកិច្ចការការពារសិទ្ធិមនុស្ស និងគួតែមានការលើកទឹកចិត្តដល់ពួកគេ ហើយយើងនៅតែចាំមើលដំណើរវិវត្តសភាពការណ៍បន្តទៀត»។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើឡើងក្រោយពីមានគណបក្សមួយចំនួន បានស្នើសុំធ្វើបាតុកម្ម ក៏ដូចជានឹងមានការកៀងគររកស្នាមមេដៃ ថ្វាយជូនព្រះមហាក្សត្រ ដើម្បីឱ្យព្រះអង្គមានព្រះរាជអន្តរាគមន៍ប្រោសប្រទាន ដល់មន្រ្តីការពារសិទ្ឋិមនុស្ស៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់។
លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ និងជាប្រធានសមាគម អ្នកប្រជាធិបតេយ្យបានស្នើសុំសាលារាជធានីភ្នំពេញ ធ្វើបាតុកម្មមួយព្រឹក ដើម្បីសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដកពាក្យបណ្តឹង និងការចោទប្រកាន់ទៅលើមន្រ្តីទាំង៥នាក់ខាងលើ។ ជាមួយគ្នានេះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ក៏បានប្រកាសថា លោក នឹងធ្វើយុទ្ធនាការមួយស្វែងរកស្នាមមេដៃ១ម៉ឺននាក់ ដើម្បីថ្វាយជូនព្រះមហាក្សត្រ សូមព្រះអង្គមានព្រះរាជអន្តរាគមន៍ប្រោសប្រទាន ដល់មន្រ្តីការពារសិទ្ឋិមនុស្ស និងគ.ជ.ប ដែលត្រូវឃាត់ខ្លួនដោយ ACU។
សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានកោះហៅមនុស្ស៨នាក់ ឱ្យចូលបំភ្លឺជុំវិញការណែនាំឱ្យស្រីមុំ កុំឱ្យនិយាយការពិតប្រាប់សមត្ថកិច្ច។នៅពេលសាកសួរ ACU បានសម្រេចឃាត់ខ្លួមមនុស្ស៥នាក់ ក្នុងចំណោម៨នាក់ ដោយក្នុងនោះមានទាំង អគ្គលេខាធិការរង គ.ជ.ប ម្នាក់ផងដែរ ហើយក្រោយមកពួកគេត្រូវបានតុលាការឃុំខ្លួន នៅពន្ធនាគារព្រៃស ដោយចោទ ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី៕