(កំពង់ធំ)៖ ដើម្បីអបអរសារទរក្នុងថ្ងៃទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៥ឆ្នាំ (២១ មិថុនា ២០០៧ - ២១ មិថុនា ២០២២) នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅប្រគល់ផ្ទះមួយខ្នង ដែលជាអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រធានសមាគមអតីត យុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជននៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកនាយចំណង់ ផែន ស៉ីផា អាយុ៥៧ឆ្នាំ បានចូលបម្រើក្នុងជួរកងទ័ពក្នុងឆ្នាំ១៩៨៩ នៅអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយត្រូវបានក្រសួងការពារជាតិដាក់ឱ្យចូលនិវត្តតាមការកំណត់នៅឆ្នាំ២០១០។

លោក ផែន ស៉ីផា មានភរិយា និងកូននៅក្នុងបន្ទុកចំនួន៣នាក់។ ដោយជីវភាពលំបាកខ្វះខាត ទើបលោកគ្មានលទ្ធភាពក្នុងការសាងសង់ផ្ទះសមរម្យនៅលើដី ដែលខ្លួនមាន។

ដោយឃើញពីការលំបាកនេះ ក្រុមការងារ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២០៣ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគាត់ដោយបានសាងសង់ខ្ពស់ផុតពីដីសសរ បេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លីនិងជណ្ដើរកាច់។

ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៉ីអ៉ីចំនួន២យួរ និងថវិកាមួយចំនួនផងដែរ៕