(ត្បូងឃ្មុំ)៖ មន្រ្តីជាន់ខ្ពស់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក បានលើកឡើងថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្រុកពញា ក្រែក ជាមូលដ្ឋានយ៉ាងសំខាន់សម្រាប់ចលនាតស៊ូរំដោះជាតិ ឲ្យរួចផុតពីរបបប្រល័យដ៏ខ្មៅងងឹត ប៉ុល ពត។
លោក វង សូត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក បានលើកឡើង ក្នុងទិវាចងកំហឹងដើម្បរំលឹកវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន និងប្រជាជន ដែលបានស្លាប់យ៉ាងអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលប្រារព្វធ្វើឡើងក្នុងវត្ត គីរីសុវណ្ណរាម ហៅ វត្តថ្កូវ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះថា «២០ ឧសភា ជាថ្ងៃប្រវត្តិសាស្ត្រ ដែលប្រជាជនកម្ពុជាយើង នៅតែចង ចាំទុកមិនអាចបំភ្លេចបានឡើយ នូវសម័យកាលនរកអវិចី ដែលបានកើតឡើងយ៉ាងស្រស់ៗ នៅលើទឹកដីនៃមាតុភូមិកម្ពុជា អស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នោះ គឺរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យ ពូជសាសន៍ ប៉ុល ពត»។
លោក វង សូត ប្រធានក្រុមការងារ បានលើកឡើងបន្តទៀតថា «ការជួបជុំគ្នាបងប្អូន យាយតា លោកអ៊ំ ពូមីងនៅក្នុងពេលនេះ គឺដើម្បីរម្លឹក នូវគុណូបការៈ កម្មាភិបាល បញ្ញវ័ន្ត អ្នកស្នេហាជាតិ ដែលបានបាត់បង់ ជីវិតព្រោះជាតិមាតុភូមិ និងពលរដ្ឋខ្មែរស្លូតត្រង់ជាង ៣លាននាក់ ត្រូវបានពួកទាហានអាវខ្មៅកាប់ សម្លាប់ និង ស្លាប់ដោយធ្វើការបាក់កម្លាំង និង បង្អាត់បាយជាដើម»។
លោក វង សូត បានរំលឹកថា អ្វីដែលគួរឲ្យកត់សម្គាល់ នៅក្នុងអំឡុងខែឧសភា ឆ្នាំ១៩៧៨ ពេលដែល ប៉ុល ពត បានប្រកាសថា លោក សោ ភឹម ប្រធានភូមិភាគបូព៌ាក្បត់ បានធ្វើឲ្យកម្មាភិបាល យុទ្ធជន និ ងប្រជាជន ដែលមានភក្តីភាព ស្មោះត្រង់ នឹងលោក សោ ភឹម ត្រូវ ស្ថិតក្នុងស្ថានភាពច្របូកច្របល់ និងទទួលរងការបង្រ្កាបយ៉ាងសាហាវពីសំណាក់កម្លាំងពួក ប៉ុល ពត សូម្បីប្រជាជនរស់នៅតាមភូមិដ្ឋាន ពិសេសក្នុងស្រុកពញាក្រែកយើង ក៏ទទួលរងនូវការកាប់សម្លាប់ជន្លៀស ធ្វើទុក្ខបុកម្នេញយ៉ាងធ្ងន់ធ្ងរបំផុត ។ អាស្រ័យដោយស្ថានភាពនេះ ហើយ ទើបឥស្សរជនរួមជាមួយប្រជាជន កំពុងរងការឈឺចាប់ បានរួមគ្នាបង្កើតចលនាតស៊ូឡើង និងដោយបានការជួយជ្រោមជ្រែងពីវៀត ណាម ទើបឈានដល់ការបង្កើតរណសិរ្ស២ធ្នូ ផ្តួលរំលំ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ។
ទោះបីជាយ៉ាងណា មកដល់ថ្ងៃនេះមានរយៈពេល ៣៧ឆ្នាំ ក៏ពិតមែនតែសម្រាប់មនុស្ស ដែលបានឆ្លងកាត់របបនេះ ពិតជាមិនអាចបំភ្លេច បានឡើយ ហើយអ្វីៗទាំងអស់នោះ ហាក់បីដូចជានៅថ្មីៗ ដិតជាប់អារម្មណ៍របស់ប្រជាពលរដ្ឋគ្រប់រូប និង គ្រប់ជំនាន់ផងដែរ។ នាឱកាស នោះ លោកប្រធានក្រុមការងារ បានប្រគេនចង្ហាន់ ទេយ្យវត្ថុ និង បច្ច័យចំនួន ៣លានរៀលដល់វត្តចំនួន៦ និង ដោយឡែកវត្តកណ្តោលជ្រុំ ទទួលបាន ១០លានរៀល សម្រាប់កសាងសមិទ្ធិផលនានាតាមវត្តនីមួយៗ។ ចំណែកបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីទទួល ថវិកា ១ម៉ឺនរៀលផងដែរ៕