(ភ្នំពេញ)៖ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកបណ្ឌិត Rajkumar Ranja Singh, Minister of State of External Affairs នៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញជាអធិបតីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីគម្រោងភូមិអស់មីន នៅក្នុងខេត្តកោះកុង ក្រោមការអនុវត្ត «គម្រោងផ្តល់ផលរហ័ស» របស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅសណ្ឋាគារ Hyatt Regency រវាងលោក ស៊ុយ ជីហ៊ាង អគ្គលេខាធិការស្តីទីនៃអាជ្ញាធរមីន និងលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ។
នាឱកាសនោះដែរ ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា ពិធីចុះហត្ថលេខាអនុវត្ត «គម្រោងផ្តល់ផលរហ័ស-ភូមិអស់មីន ក្នុងខេត្តកោះកុង» នាថ្ងៃនេះ គឺជាជំហានដ៏រឹងមាំ ដើម្បីចូលរួមនាំឱ្យកម្ពុជាខិតទៅជិតគោលដៅនៃការក្លាយជាប្រទេសគ្មានមីន នៅឆ្នាំ២០២៥ ក៏ដូចជាការបង្ហាញមួយទៀត នៃចំណងមិត្តភាពជាប្រវត្តិសាស្រ្ត និងប្រពៃណីដ៏យូរអង្វែងរវាងសាធារណរដ្ឋឥណ្ឌា និងព្រះរាជាណាចក្រកម្ពុជា ដែលមានអាយុកាលជិត ២,៥០០ឆ្នាំ និងចំណងទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរ រយៈពេល៧០ឆ្នាំ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងនោះបានផ្តល់នូវអវយវៈសិប្បនិមិត្តដល់ជនមានពិការភាព ការអភិវឌ្ឍសមត្ថភាពមន្រ្តីអាជ្ញាធរមីន និងការចូលរួមឲ្យកម្ពុជាក្លាយជាប្រទេសគ្មានមីនឆ្នាំ២០២៥។
ទេសរដ្ឋមន្ត្រី លី ធុជ បានបន្តថា អាជ្ញាធរមីន បាននឹងកំពុងដំណើរការយន្តការភូមិអស់មីន និងកំពុងលុបបំបាត់ការគំរាមកំហែងទាំងអស់នៅក្នុងភូមិជាក់លាក់ ដែលនឹងមិនត្រឹមតែជួយសង្គ្រោះអាយុជីវិតរបស់អ្នកទទួលផលផ្ទាល់ប៉ុណ្ណោះទេ វានឹងធ្វើឱ្យជីវភាពភូមិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែប្រសើរឡើង ដែលថ្ងៃនេះ សាធារណរដ្ឋឥណ្ឌា នឹងជួយប្រែក្លាយភូមិចំនួន០៤ ស្ថិតក្នុងខេត្តកោះកុង ទៅជាភូមិអស់មីន ក្នុងចំណោមភូមិចំនួន២៨ ដែលកំពុងរងការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា រយៈពេល ៣០ឆ្នាំ ដោយមានការគាំទ្រពីម្ចាស់ជំនួយ និងប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ផ្ទៃដីប្រមាណ ២,៣៧៩គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាត និងផ្តល់ផលប្រយោជន៍ជូនដល់ប្រជាជនប្រមាណ ៧.៥លាននាក់ ព្រមទាំងបានចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ពី ៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មក៤៤នាក់ ក្នុងឆ្នាំ ២០២១។ ទោះបីមានកិច្ចខិតខំប្រឹងប្រែងបែបនេះ ប្រជាជនកម្ពុជា ប្រមាណជាង ១លាននាក់ កំពុងរស់នៅ និងប្រកបមុខរបរលើតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម លើផ្ទៃដី ១,៩៩១គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីន ៧៣៦គីឡូម៉ែត្រក្រឡា ដែលនឹងត្រូវបោសសម្អាតឱ្យអស់ត្រឹមឆ្នាំ២០២៥ ដើម្បីឆ្លើយតបនឹងកាតព្វកិច្ចកម្ពុជាជារដ្ឋភាគី នៃអនុសញ្ញាអន្តរជាតិស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន (អនុសញ្ញាអូតាវ៉ា)។
ទេសរដ្ឋមន្រ្តី បានបន្ថែមទៀតថា ឆ្នាំ២០២៥ គឺជាគោលដៅដែលអាចសម្រេចបាន ប្រសិនបើរាជរដ្ឋាភិបាល សហគមន៍ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា ធ្វើការរួមគ្នា និងពន្លឿនការគាំទ្រការងារបោសសម្អាតមីន។
លោកបណ្ឌិត Rajkumar Ranja Singh បានថ្លែងថា លោកមានសេចក្តីសប្បាយរីករាយដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន លើគម្រោងធ្វើឱ្យភូមិចំនួន០៤ ក្នុងខេត្តកោះកុង ជាភូមិអស់មីន ដោយនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋជិត ៨,០០០នាក់ ដែលកំពុងរស់នៅក្នុងភូមិទាំងនេះ តាមរយៈគម្រោងផ្តល់ផលរហ័សរបស់រដ្ឋាភិបាលឥណ្ឌា ដែលគម្រោងនេះគឺជាផ្នែកមួយនៃទំនាក់ទំនងឥណ្ឌា-កម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។
លោកបណ្ឌិត Rajkumar Ranja Singh បានកោតសរសើរចំពោះអាជ្ញាធរមីន ក្នុងការដោះស្រាយបញ្ហាមីន ដើម្បីធ្វើឱ្យកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។ លោកបណ្ឌិត បានបញ្ជាក់បន្ថែមទៀតថា ឥណ្ឌាកំពុងធ្វើការជាមួយអាជ្ញាធរមីន ដើម្បីកំណត់តំបន់បន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការសកម្មភាពមីន និងរួមចំណែកដល់កិច្ចខិតខំរបស់កម្ពុជាឱ្យសម្រេចតាមគោលដៅ ហើយរដ្ឋាភិបាលឥណ្ឌា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយដល់ការងារសកម្មភាពមីនកម្ពុជា នៅគ្រប់កម្រិត និងគ្រប់ពេលវេលា។
ជាមួយគ្នានេះ លោកបណ្ឌិត Singh ក៏បានលើកឡើងអំពីគម្រោងរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការជួយសង្រ្គោះជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម តាមរយៈការផ្តល់នូវអវយវៈសិប្បនិម្មិត ដោយរៀបចំឲ្យមានតំបន់ចំនួនពីរ ក្នុងខេត្តពីរនៃប្រទេសកម្ពុជានៅចុងឆ្នាំនេះ ក្រោមកិច្ចប្រតិបត្តិការជាមួយអាជ្ញាធរមីន ផងដែរ៕