(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាដូចតទៅ៖
*ទី១៖ កងកម្លាំងមានសមត្ថកិច្ចនៃប្រទេសទាំងពីរ បន្តត្រូវពង្រឹងការផ្លាស់ប្តូរព័ត៌មានសន្តិសុខ ដើម្បីការពារខឿនសន្តិសុខជាតិ នៃប្រទេសនីមួយៗ និងក្នុងតំបន់ ពិសេសរក្សាសាមគ្គីភាព និងទំនាក់ទំនងសហប្រតិបត្តិការនៃប្រទេសវៀតណាម និងកម្ពុជា
*ទី២៖ ភាគីទាំងពីរពង្រឹងកិច្ចសហការធានារក្សាសន្តិសុខ សុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍នយោបាយសំខាន់ៗ របស់ប្រទេសនីមួយៗ ឲ្យបានជោគជ័យ ពិសេសព្រឹត្តិការណ៍ នៃខួបការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រសួង។ ក្រសួងនគរបាលវៀតណាម ត្រៀមជាស្រេចក្នុងការចែករំលែកបទពិសោធន៍ និងសហការជាមួយក្រសួងមហាផ្ទៃកម្ពុជា ក្នុងការជួយរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តការណ៍តំបន់ និងនយោបាយធំៗ ដែលកម្ពុជាត្រៀមរៀបចំនៅពេលខាងមុខនេះរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ាន ការត្រៀមរៀបចំបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៣ ការប្រកួតកីឡាស៊ីហ្គេមជាដើម។
*ទី៣៖ ភាគីទាំងពីរត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពចំពោះខ្លឹមសារទាំងអស់ ដែលបានឯកភាពនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីរវាងប្រទេសកម្ពុជា វៀតណាម ឡាវ ស្តីពី ការពង្រឹងកិច្ចសហការបង្ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស ក្នុងនោះស្នើសុំអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា សហការជាមួយក្រសួងនគរបាលវៀតណាម បង្ការបង្ក្រាបទប់ស្កាត់មេខ្យល់ឆបោក ដែលរៀបចំឲ្យប្រជាពលរដ្ឋវៀតណាមឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់ ទន្ទឹមនោះក៏សូមថ្លែងអំណរគុណដល់នគរបាលកម្ពុជា ដែលបានជួយសង្គ្រោះឲ្យជនរងគ្រោះជនជាតិវៀតណាមបានត្រឡប់ទៅផ្ទះសម្បែងវិញផងដែរ
*ទី៤៖ ភាគីទាំងពីរបន្តពិភាក្សាស្វែងរកដំណោះស្រាយជាស្ថាពរនៅចំណុចបន្ទាត់ព្រំដែន ដែលនៅសេសសល់តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដើម្បីបញ្ចប់ការងារបោះបង្គោលព្រំដែនឲ្យបានឆាប់ ណែនាំឲ្យស្ថាប័នមានសមត្ថកិច្ចនៅតាមមូលដ្ឋាន សហការដោះស្រាយបញ្ហា ដែលកើតមានឡើងនៅតាមព្រំដែនធានាសន្តិសុខខ្សែបន្ទាត់ព្រំដែនរួមចំណែកកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព និងអភិវឌ្ឍតាមស្មារតី ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីប្រទេសទាំងពីរកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។
*ទី៥៖ ក្រសួងនគរបាលវៀតណាម សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់គាំទ្រអណិកជនជនជាតិវៀតណាមនៅកម្ពុជា ជាពិសេសជួយយកចិត្តទុកដាក់ដោះស្រាយបញ្ហាដល់អនិកជនវៀតណាម។
ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ក៏បានអញ្ជើញនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅពេលសមស្របណាមួយផងដែរ។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ នេត សាវឿន បានទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម និងថ្លែងអំណរគុណ ក៏ដូជាគាំទ្រចំពោះកិច្ចការដែល នាំមកនូវចំណងសាមគ្គីភាព មិត្តភាព រវាងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ នាពេលកន្លងមក។ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក្នុងនាមនគរបាល ក៏ដូចជាប្រជាជនកម្ពុជាប្តេជ្ញាអនុវត្តជានិច្ចនូវអព្យាក្រឹតភាព ការពារផលប្រយោជន៍តំបន់ និងផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ។
ចំពោះបញ្ហាសន្តិសុខនៅកម្ពុជា អគ្គស្នងការនគរបាលជាតិ បានជម្រាបជូនភាគីវៀតណាមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងកិច្ចសហការល្អរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម គឺមិនមានបញ្ហាអ្វីធំដុំកើតឡើងនោះទេ។ លោកក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម នាពេលកន្លងមក។
ដោយឡែកបញ្ហាជំងឺកូវីដ-១៩ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត បានបញ្ជាក់ជូនភាគីវៀតណាមថា បច្ចុប្បន្នកម្ពុជាមួយរយៈចុងក្រោយនេះ គឺមិនមានរកឃើញករណីឆ្លងថ្មីទៀតនោះទេ ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ហើយគ្រោងរៀបចំមន្ទីរពេទ្យមួយដែលមានជាងមួយម៉ឺនគ្រែ សម្រាប់ព្យាបាលជំងឺឆ្លងផងដែរ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានស្នើសុំកិច្ចសហការ ក៏ដូចជាផ្តល់បទពិសោធន៍លើកិច្ចការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់សាធារណៈពីភាគីវៀតណាម ដោយនៅឆ្នាំ២០២៣ខាងមុខនេះ កម្ពុជាមានព្រឹត្តការណ៍សំខាន់ធំពីរ៖ ទី១៖ ការបោះឆ្នោតសកល និងទី២៖ កីឡាស៊ីហ្គេម។ លោកក៏បានជម្រាបជូនដែរថា ភាគីទាំងពីរ កម្ពុជា-វៀតណាម ពិសេសក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ក៏មានយន្តការសហប្រតិបត្តិការផ្សេងៗ បន្ថែមទៀត ដូចជាកិច្ចសហប្រតិបត្តិការរវាងកងម្លាំនគរបាល ជាមួយកងទ័ពប្រជាជនវៀតណាម ក្នុងគោលដៅរួមដើម្បីថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋប្រទេសទាំងពីរ ហើយលោកចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាមនាពេលនេះ គឺជាការរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសយើងទាំងពីរ។
មុននឹងបញ្ចប់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងជូនពរ អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងគណៈប្រតិភូ សូមស្នាក់នៅ និងបំពេញភារកិច្ចប្រកបដោយជោគជ័យនៅកម្ពុជា និងសូមផ្ដាំផ្ញើការសួរសុខទុក្ខជូនថ្នាក់ដឹកនាំវៀតណាមផងដែរ។
សូមជម្រាបថា ក្រោយបញ្ចប់ជំនួបពិភាក្សាការងារ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញទទួលសម្ភារៈជំនួយរបស់ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនក្រសួងមហាផ្ទៃ នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី កាលពីឆ្នាំ២០២០៕