(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីផាន នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ បានរៀបចំពិធីក្រុងពាលី សម្ពោធស្នាក់ការគណបក្សសង្កាត់ព្រែកថ្មី ដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ នៅក្នុងពិធីព្រះពុទ្ធសាសនាខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោក សមាជិក សមាជិកា ជាច្រើនរូបផ្សេងទៀត។
នៅក្នុងពិធីក្រុងពាលីខាងលើនេះ លោក អ៊ាង ស៊ីផាន បានលើកឡើងពីសមិទ្ធផលជាច្រើន ក្នុងមូលដ្ឋានទុកជូនដល់ព្រះសង្ឃ ប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ជាផលប្រយោជន៍រួម។ ចំពោះការលេចចេញនូវសមិទ្ធផលថ្មីៗ ផ្សេងទៀត អភិបាលខណ្ឌបានបញ្ជាក់ថា រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន បានយកចិត្ដទុកដាក់ និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ ជាក់ស្ដែង សមិទ្ធផលថ្មីៗត្រូវបានកសាងឡើង ដោយរាជរដ្ឋាភិបាលមានគ្រប់ទីកន្លែង។
លោក លីវ វណ្ណថេង ប្រធានគណៈកម្មាធិការសង្កាត់ព្រែកថ្មី បានឲ្យដឹងថា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាព្រែកថ្មី ដែលក្រុងពាលីនាពេលនេះ ស្ថិតនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ដោយសង់លើផ្ទៃដី ប្រវែង៥៥ម៉ែត្រ ទទឹង១៤ម៉ែត្រ៕