(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ លោកបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៉ីសា (Mohammad bin Abdulkarim Al-Issa) អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពអ៉ីស្លាម បានអញ្ជើញបង្គំគាល់សម្ដែងការគួរសមចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តឧណ្ណាឡោម ក្នុងរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស មានសេចក្តីរីករាយចំពោះវត្តមានលោកអគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម ព្រះអង្គបានមានព្រះរាជ្យសង្ឃដីកាថា ជំនួបនេះគឺបង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធក្នុងវិស័យសាសនារវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ព្រះអង្គទ្រង់សង្ឃឹមថាជំនួបនេះនឹងក្លាយជាចំណងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ ក៏ដូចជាបន្តរឹតចំណងសាមគ្គីភាពកាន់តែល្អប្រសើរថែមទៀត
លោកបណ្ឌិតអគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម បានសម្ដែងនូវសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយនៅក្នុងបេះដូងរបស់លោក ហើយក៏ជាប្រទេសមួយដែលមិនមានការរើសអើងខាងសាសនា។ ផ្ទុយទៅវិញជាប្រទេសដែលមានសន្តិសហវិជ្ជមានខាងជាតិសាសន៍ និងសាសនា ដែលនេះជាតម្លៃពិតរបស់កម្ពុជាដែលជាទីគោរព និងជាគំរូដល់ពិភពលោក។
លោកអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះព្រះពុទ្ធសាសនា ក្នុងការចូលរួមកសាងប្រទេសជាតិ ដោយលោកបានមានប្រសាសន៍ថា «ការប្រឹងប្រែងរបស់ព្រះពុទ្ធសាសនាគឺជាការប្រឹងប្រែងប្រកបដោយផ្លែផ្កានិងគុណប្រយោជន៍ដល់សង្គមជាតិ»។ លោកអគ្គលេខាធិការ បានកោតសរសើរចំពោះកិច្ចខំប្រឹងប្រែងរបស់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ដែលមានសារ:សំខាន់ សម្រាប់ព្រះពុទ្ធសាសនា។
លោកបានលើកឡើងថា «ខ្ញុំមិនអាចភ្លេចឡើយចំពោះកិត្តិនាមដ៏ល្បីល្បាញ និងស្នាដៃនៃកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចព្រះសង្ឃរាជ»៕