(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីរាជការ និងអាជ្ញាធរក្រោមឱវាទពាក់ព័ន្ធ ចុះពិនិត្យ និងពន្លឿនការសាងសង់អគារសិក្សា មួយខ្នង មាន៦បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងសាលាបឋមសិក្សាខ្ពបរុន ស្ថិតនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី។
មានមតិសំណេះសំណាលជាមួយអាជ្ញាធរ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានលើកឡើងថា ក្រោមម្លប់សន្តិភាពដែលសម្តេចតេជោ យកបានមកដោយលំបាកនោះ បានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំ។
ក្រោយពីទទួលបានសន្តិភាពពេញលេញ សម្តេចតេជោ តែងតែគិតគូរអំពីការបង្កើតសាលារៀន ធ្វើយ៉ាងណាឱ្យបានដល់ជិតកូនចៅប្រជាពលរដ្ឋ មិនថាជិតឬឆ្ងាយដាច់ស្រយាលនោះទេ ហើយនេះបានបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់ចំណេះដឹងដល់កូនចៅប្រជាពលរដ្ឋពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដើម្បីបង្កើតបានធនធានមនុស្សដែលមានចំណេះជំនាញពិតប្រាកដ ហើយចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានជំរុញឱ្យលោកគ្រូអ្នកគ្រូទាំងអស់ ត្រូវខិតខំប្រឹងប្រែងក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្សឱ្យអស់ពីលទ្ធភាព និងធ្វើជាពុម្ភដ៏ល្អមួយ ដើម្បីសាបព្រួសចំណេះដឹងដល់ពួកគេបានក្លាយ ទៅជាទំពាំងស្នងឬស្សីដែលមានគុណភាព ហើយបានចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។
ម្យ៉ាងទៀតលោកគ្រូអ្នកគ្រូទាំងអស់ ក៏ត្រូវបណ្តុះនូវវប្បធម៌កត្តញូដល់សិស្សានុសិស្សទាំងអស់ ឱ្យបានដឹងពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលលោកបានលះបង់គ្រប់បែបយ៉ាង ដើម្បីសុខសន្តិភាព និងមានការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនដូចសព្វថ្ងៃ ហើយជាក់ស្តែងអគារសិក្សាថ្មី ដែលកំពុងសាងសង់នៅពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ។
លោក ម៉ៅ ធនិន ក៏បានផ្តាំផ្ញើ ក៏ដូចជាប្រាប់ទៅកាន់អាជ្ញាធរទាំងអស់ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រួមគ្នាថែរក្សានូវសមិទ្ធិផលទាំងថ្មី និងមានស្រាប់កន្លងមក ធ្វើយ៉ាងណាឱ្យបានប្រើប្រាស់យូរអង្វែង និងដើម្បីជាប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
ពាក់ព័ន្ធនឹងការសាងសង់ គឺលោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អ្នកម៉ៅការសាងសង់ ត្រូវសាងសង់ដោយយកគុណភាពជាចម្បង ធ្វើយ៉ាងណាឱ្យសំណង់អគារសិក្សានេះប្រើប្រាស់បានយូរ ព្រមទាំងពន្លឿនការសាងសង់ឱ្យ បានឆាប់រហ័ស ដើម្បីឱ្យសិស្សានុសិស្សបានចូលរៀននាពេលខាងមុខ៕