(កំពង់ឆ្នាំង)៖ ពិធីបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង ឆ្នាំ២០២១-២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២១-២០២២ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងសម្រួចអាទិភាព សកម្មភាព ដែលផ្តោតលើលទ្ធផល និងការអនុវត្តកំណែទម្រង់អប់រំ ដំណាក់កាលទី៣ ដែលផ្តោតលើការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព ដែលកិច្ចការទាំងនេះ ពិតជាឆ្លើយតបទៅនឹងការងារកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជ រដ្ឋាភិបាលដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងក្របខណ្ឌយុទ្ធសាស្រ្តកម្មវិធីស្តារ និងជម្រុញសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយនឹងកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំសិក្សា២០២១ -២០២២ ដើម្បីចាកចេញពីវិបត្តិកូវីដ-១៩ ក្នុងភាពរឹងមាំ និង វិលត្រឡប់ទៅរកមាគ៌ា នៃកំណើន និង ការអភិវឌ្ឍប្រកបដោយចីរភាពឡើងវិញ ដើម្បីឱ្យវីស័យអប់រំកាន់តែធានាបានប្រសិទ្ធភាព និងគុណភាពគឺត្រូវមានការចូលរួមសកម្មពីគ្រប់អ្នកពាក់ព័ន្ធ ដោយផ្តើមចេញពីក្រុមគ្រួសារ សហគមន៍ និងអាជ្ញាធរមូលដ្ឋាន។
លោករដ្ឋមន្រ្តី បានធ្វើការផ្តាំផ្ញើដល់ថ្នាក់ដឹក នាំមន្រ្តីអប់រំទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលក្នុងវិស័យអប់រំ ត្រូវធ្វើការពិភាក្សាផ្លាស់ប្តូរនូវបទពិសោធន៍ សិក្សាស្វែងយល់នូវចំណុចវិជ្ជមាន និងអវិជ្ជមាន ដើម្បីធ្វើការកែតម្រូវ និងដាក់ចេញនូវផែនការជាក់លាក់ សម្រាប់អនុវត្តបន្ត ក្នុងឆ្នាំសិក្សាថ្មី ២០២១-២០២២ ដើម្បីធានាបាននូវប្រសិទ្ធិភាព និងគុណភាព។
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្នុងវិបត្តិកូវីដ-១៩ វិស័យអប់រំនៅក្នុងខេត្តកំពង់ឆ្នាំង ធានាបាននិរន្តរភាពនៃការសិក្សាដល់សិស្សានុសិស្ស និស្សិតទាំងអស់ ដោយសារតែគ្រូបង្រៀនបានខិតខំប្រឹងប្រែងសិក្សា និងស្រាវជ្រាវ ទាំងផ្នែកចំណេះដឹង ជំនាញឌីជីថល និង វិធីសាស្រ្តបង្រៀនថ្មីៗ ដូចជាការបង្រៀនពីចម្ងាយ ដើម្បីឱ្យសិស្សអាចសិក្សាបានពីផ្ទះ និងការបង្កើតក្រុមតួចៗដើម្បីរៀបចំរៀននិងបង្រៀនតាមបណ្តុំ។ តាមរយៈនៃបេសកកម្មនេះ បានធ្វើឱ្យបុគ្គលិកសិក្សា ធានាបាននូវសុវត្ថិភាពល្អប្រសើរ៕