Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី គន់ គីម ជួបសំណេះសំណាល ជាមួយបងប្អូនអតីតយុទ្ធជន ក្នុងពិធីខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២២

21-06-2022 17:08

(ក្រចេះ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនអតីតយុទ្ធជន ក្នុងពិធីខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២២។ ពិធីនេះ មានការចូលរួមពីលោក ស្រេង សុភាព អភិបាលរងខេត្ត ប្រធានមន្ទី អង្គភាពជុំវិញខេត្ត ព្រមទាំងប្អូនអតីតយុទ្ធជនជាច្រើននាក់ នៅសាលមហោស្របខេត្តក្រចេះ។

លោក ស្រេង សុភាព អភិបាលរងខេត្ត បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសរំលឹកខួបលើកទី១៥ នៃទិវាសមាគមអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២រួចមក លោក គន់ គីម បានថ្លែងថា ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូរយ៉ាងខ្លាំង អំពីសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជារបស់យើង។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទៀត ក៏បានយកចិត្តទុកដាក់ ថែរក្សាដល់អតីតយុទ្ធជនរបស់យើងផងដែរក្នុងរយៈកាលកន្លងទៅនេះ។

លោកក៏បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដល់លោកយាយ លោកតា បងប្អូន មីងមា និងសាច់ញាតិទាំងអស់របស់អតីតយុទ្ធជន ដែលសម្ដេចមានសេចក្តីនឹករឭកជាខ្លាំង និងសូមជូនពរ អោយបងប្អូនអតីតយុទ្ធជនយើងទាំងអស់ មានសុខភាពល្អទាំងអស់គ្នាផងដែរ។

ក្នុងឱកាសនោះដែរ ទេសរដ្ឋមន្ត្រី គន់ គីម បានយកចំណុចសំខាន់មួយចំនួន នៃសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារថា ក្នុងឱកាសខួបលើកទី១៥ នេះ សម្ដេចសូមអំពាវនាវ ដល់បងប្អូន អតីតយុទ្ធជន សូមបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ដោយជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ពិតជាចងចាំជានិច្ច នូវកាលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូន អតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទីស្នេហានៃយើង៕