(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងជាអនុប្រធានគណៈកម្មការវេចខ្ចប់ និងបំផ្លាញគ្រឿងញៀន តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការវេចខ្ចប់ និងបំផ្លាញគ្រឿងញៀន បានអញ្ជើញចូលរួមក្នុងការដកសំណាក និងវេចខ្ចប់សារធាតុញៀនមួយចំនួន ក្រោយពីការបង្ក្រាប និងរឹបអូសបានជាបន្តបន្ទាប់កន្លងមកនេះ។
ពិធីនេះមានការចូលរួមពីលោកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត និងសហការី លោកឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្រ្តីលេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យពិនិត្យគ្រឿងញៀនខេត្ត និងកម្លាំងជំនាញពាក់ព័ន្ធមួយចំនួនទៀត។
បើតាមមន្ត្រីសាលាដំបូងខេត្តស្វាយរៀង បានឲ្យដឹងថា ថ្ងៃនេះមន្ត្រីដែលពាក់ព័ន្ធបានជួបជុំគ្នាពិនិត្យគ្រឿងញៀន និងវេចខ្ចប់ដើម្បីត្រៀមដុតកម្ទេចចោលនៅពេលថ្ងៃខាងមុខនេះ។
ទោះបីយ៉ាងណាចំនួនគ្រឿងញៀនដែលត្រូវដុតកម្ទេចចោល មិនត្រូវបានសមត្ថកិច្ចប្រាប់ឱ្យដឹងនោះទេ។ ហើយបើពុំមានការប្រែប្រួលទេនោះ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ នឹងធ្វើពិធីដុតកម្ទេចចោលគ្រឿងញៀន ក្រោមអធិបតីភាពលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕