(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានជំរុញ និងដាស់តឿនដល់មន្ត្រីរាជការទាំងអស់ក្នុងក្របខណ្ឌមន្ទីរ ត្រូវយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច ឱ្យកាន់ទ្វេរដង ដើម្បីឆ្លើយតប ចំពោះគុណបំណាច់ និងការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការរបស់យើង។
ការថ្លែងបែបនេះរបស់លោក សំ លាងទ្រី ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែមិថុនា និងទិសដៅអនុវត្តសម្រាប់ខែកក្កដា របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ជា ប្រធាន អនុប្រធាន ការិយាល័យ ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ។
នៅក្នុងកិច្ចប្រជុំនេះលោក សំ លាងទ្រី បានថ្លែងកោតសរសើរ និងអរគុណដល់មន្ត្រីរាជការ បុគ្គលិក កម្មករ ទាំងអស់ ដែលបានរួមគ្នាអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អ ប្រសើរ។
លោកថា «ទិសដៅដែលយើងដាក់ចេញចំនួន៤៨ចំណុច យើងធ្វើបានរហូត៤២ចំណុច ចាត់ទុកថាទទួលបានជោគជ័យខ្ពស់ទៅហើយ ប៉ុន្តែបើសិនជាយើងទាំងអស់គ្នាមិនរួមគ្នាខិតខំប្រឹងប្រែងធ្វើការទេ ក៏យើងធ្វើមិនបាន៤២ ចំណុចនេះដែរ ហើយចំណុចដែលសេសសល់ដោយសារតែមានបញ្ហាខ្លះៗនោះ យើងនឹងខិតខំធ្វើនៅពេលបន្តបន្ទាប់ទៀត»។
លោក សំ លាងទ្រី បានថ្លែងបញ្ជាក់ថា «ថ្វីត្បិតតែខែមុនការងារយើងធ្វើមិនបានតាមទិសដៅក៏ពិតមែន ប៉ុន្តែសម្រាប់ខែកក្កដានេះ មន្ទីរបានដាក់ទិសដៅ១ចំណុចបន្ថែមទៀត គឺការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈ បច្ចេកទេស ចឹងសរុបទាំងអស់៤៩ចំណុច»។
លោកក៏បានស្នើដល់ការិយាល័យពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ មិនមែនដាក់ផែនការហើយមិនអនុវត្តនោះទេ ត្រូវរិះរកគ្រប់វិធីទាំងអស់អនុវត្តផែនការរបស់យើង ឱ្យស្របនឹងទិសដៅ ហើយត្រូវប្រឹងទាំងអស់គ្នា។
ជាមួយគ្នានេះលោក សំ លាងទ្រី បានថ្លែងកោតសរសើរដល់មន្ត្រីសាធារណការទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារគ្រប់ជំនាញ មិនថាភ្លៀង មិនថារលឹមទេ គឺបានប្រឹងប្រែងទាំងអស់គ្នា។ លោកថា «បើយើងស្ពឹកស្រពន់ ម្ល៉េះផែនការរបស់យើងមិនអាចសម្រេចបាន៤២ចំណុចនោះទេ»។
ជាមួយនឹងការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការយើង លោកក៏បានណែនាំដល់មន្ត្រីរាជការក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារទាំងអស់ ត្រូវខិតខំបំពេញការងារទ្វេរដង ដើម្បីជាការឆ្លើយតបចំពោះគុណបំណាច់ដ៏ធំធេញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕