(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចាត់ទុកវត្តមានរបស់ លោក គីស៊ី ហ្ស៉ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ដ្រីការពារជាតិជប៉ុន ក្នុងឱកាសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាអាស៊ាន បង្ហាញពីការពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងការពារប្រទេសទាំងពីរ ទាំងវិស័យការពារជាតិ សន្តិសុខ នយោបាយ និងផ្នែកមនុស្សធម៌។
ការលើកឡើងបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានជួបពិភាក្សាការងារជាមួយ គីស៊ី ហ្ស៉ី ណូប៊ុអូ ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងការពារជាតិ។
នៅក្នុងកិច្ចជំនួបនោះ លោករដ្ឋមន្ត្រីការពារជាតិជប៉ុន បានថ្លែងថា នេះគឺជាលើកទីមួយហើយ ដែលលោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានថ្លែងការគាំទ្រ និងអំណរគុណចំពោះប្រទេសកម្ពុជា ដែលធ្វើជាប្រធានអាស៊ាន។
លោកបានលើកឡើងថា ក្នុងឆ្នាំនេះគឺជាខួបលើកទី៣០ ដែលកងស្វ័យការពារជប៉ុនចេញ បំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសកម្ពុជាជាលើកដំបូង ហើយលោកអគ្គសេនាធិការចម្រុះ កងទ័ពស្វ័យការពារជប៉ុន ក៏បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងដំណើរទស្សនកិច្ចចូលចតនាវាកងទ័ពស្វ័យការពារជើងទឹកជប៉ុន កាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ នៅកំពុងផែ ខេត្តព្រះសីហនុ។
នៅក្នុងដំណើរចូលចតនាវានេះ លោកក៏បានដឹងថា៖ «ត្រូវបានទទួលស្វាគមន៍ពីសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិសារអាហារសាមគ្គីនៅខេត្តព្រះសីហនុផងដែរ»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក គីស៊ី ហ្ស៉ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ត្រីក្រសួង ការពារជាតិប៉ុន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន ជប៉ុន នៅកម្ពុជានាពេលនេះ។
សម្តេចពិជ័យសេនា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «វត្តមានរដ្ឋមន្ដ្រីការពារជាតិជប៉ុន នាថ្ងៃនេះ ពិតជាមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងការពារប្រទេសទាំងពីរ កម្ពុជា-ជប៉ុន សំដៅលើកកម្ពស់សមត្ថភាពវិស័យការពារជាតិ សន្តិសុខ នយោបាយ រួមទាំងផ្នែកមនុស្សធម៌ បានរួមចំណែកក្នុងការកសាងចំណងមិត្តភាពកងទ័ពប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ និងវិបុលភាពថែមទៀត»។
បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ទោះបីមានស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ ក្តី ប៉ុន្តែកងទ័ព និងក្រសួងការពារប្រទេសទាំងពីរ នៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែជិតស្និទ្ធ តាមផែនការកិច្ចសហប្រតិបត្តិការ ដែលបានឯកភាពគ្នា៖ ចំពោះវិស័យកងទ័ពជើងគោក បានបណ្ដុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរដំណើរទស្សនកិច្ច, ការចូលរួមប្រជុំ និងវេទិកានានា ហើយចំពោះវិស័យកងទ័ពជើងទឹក កងស្វ័យការពារជើងទឹកជប៉ុន បានបញ្ជូននាវាចូលចតទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ចំពោះវិស័យរក្សាសន្តិភាព កងស្វ័យការពារជប៉ុន បានបើកវគ្គបំប៉នវិស័យរក្សាសន្តិភាពនៅកម្ពុជា ជូនកងកម្លាំងរក្សាសន្តិភាព លើជំនាញបច្ចេកទេសវិស្វកម្ម និងវាស់ស្ទង់ និងនៅក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩ ជាសកល ភាគីជប៉ុន បានធ្វើការហ្វឹកហ្វឺនដល់គ្រូបង្គោលកម្ពុជា តាមប្រព័ន្ធអេឡិចត្រូនិក និងបានទទួលកងកម្លាំង រក្សាសន្តិភាពកម្ពុជាទៅសិក្សានៅប្រទេសជប៉ុនលើជំនាញវគ្គបំប៉នវិស្វកម្ម សំណង់ផ្ដេក និងគ្រឿងផ្ទុះ។
គិតចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់ឆ្នាំ២០២២នេះ កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ជប៉ុន មានភាពរីកចំរើនគួរឱ្យកត់សម្គាល់ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគណៈ ប្រតិភូទៅវិញទៅមក ការគាំទ្រហ្វឹកហ្វឺនវិស័យរក្សាសន្តិភាព ការបណ្ដុះបណ្តាលធនធានមនុស្ស ការចូលចតនាវា កងស្វ័យការពារជប៉ុននៅកំពង់ផែព្រះសីហនុ ការហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពជើងទឹកប្រទេសទាំងពីរ លើវិស័យមនុស្សធម៌ សុខាភិបាល សង្គម គ្រោះមហន្តរាយ និងប្រឆាំងភេរវកម្ម។ ទាំងអស់នេះ សុទ្ធតែបង្ហាញពីឆន្ទៈប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែប្រសើរឡើង និងរីកចម្រើនថែមទៀត។
សម្តេចពិជ័យសេនា ទៀ បាញ់ មានជំនឿយ៉ាងមុតមាំថា តាមរយៈការបំពេញទស្សនកិច្ចផ្លូវការរបស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន នៅកម្ពុជានាពេលនេះ និងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការវិស័យោធា រវាងប្រទេសទាំងពីរកាន់តែរីកចម្រើនថែមទៀត៕