(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះប្តូរវេននៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ។
សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២២នេះ ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦។
គិតមករសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ រដ្ឋមន្រ្តីការពារជាតិប្រទេសមួយចំនួន បានមកដល់ប្រទេសកម្ពុជាហើយ ក្នុងនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជួបពិភាក្សាទ្វេភាគី ជាមួយលោក PRABOWO Subianto រដ្ឋមន្ត្រីក្រសួងការពារប្រទេសឥណ្ឌូនេស៊ី និងលោក KISHI Nobuo រដ្ឋមន្ត្រីការពារជាតិជប៉ុន នៅទីស្តីការក្រសួងការពារជាតិ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ដែលចេញផ្សាយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ថ្មីៗនេះ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការពារជាតិអាស៊ាននឹងស្តាប់របាយការណ៍ស្តីពីការអភិវឌ្ឍថ្មីៗនៅក្នុងអាស៊ាន និងរបាយការណ៍សង្ខេបនៃលទ្ធផលរបស់កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន ក៏ដូចជាអនុម័តលើគំនិតផ្តួចផ្តើមថ្មីៗ និងសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន រួមមាន៖
ទី១៖ ឯកសារទស្សនទាន ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្តាប្រទេសអាស៊ាន ក្នុងការទប់ស្កាត់ជំងឺរាតត្បាតឆ្លងដែន
ទី២៖ ឯកសារទស្សនទាន ស្តីពីការលើកកម្ពស់យន្តការគាំទ្រសម្រាប់ស្ត្រីរក្សាសន្តិភាពអាស៊ាន
ទី៣៖ ឯកសារទស្សនទាន ស្តីពីការបង្កើតកិច្ចសហការរវាងស្ថាប័នអប់រំយោធាអាស៊ាន
ទី៤៖ លក្ខខណ្ឌប្រតិបត្តិរបស់មជ្ឈមណ្ឌលឧត្តមភាពព័ត៌មានសន្តិសុខព័ត៌មានវិទ្យា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន
ទី៥៖ ចក្ខុវិស័យភ្នំពេញស្តីពីតួនាទីស្ថាប័នការពារជាតិក្នុងការគាំទ្រការស្តារឡើងវិញក្រោយកូវីដ១៩
និងទី៦៖ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយសុខដុមនីយកម្ម។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែល រដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏នឹងកត់សម្គាល់ឯកសារពិភាក្សាចំនួន២ រួមមាន១៖ ឯកសារពិភាក្សា ស្តីពីការលើកកម្ពស់ការចែករំលែកព័ត៌មាន រវាងគំនិតផ្តួចផ្តើមការអនុវត្តច្បាប់លម្ហសមុទ្រអាស៊ីអាគ្នេយ៍ ជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងវិស័យសន្តិសុខលម្ហសមុទ្រ និង២៖ ឯកសារពិភាក្សា ស្តីពីការឆ្លុះបញ្ចាំងប្រវត្តិសាស្ត្រយោធាដើម្បីលើកកម្ពស់សន្តិភាពជានិរន្តរ៍។
កិច្ចប្រជុំក៏នឹងពិនិត្យសម្រេចលើសំណើរបស់ឥណ្ឌាសុំរៀបចំលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា និងសម្រេចលើការរៀបចំកិច្ចប្រជុំក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការពារជាតិអាស៊ានជាមួយប្រទេសបូកមួយចំនួននៅខែវិច្ឆិកា ឆ្នាំ២០២២ ផងដែរ។
ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំប្រធានប្រតិភូនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងចូលជួបសម្តែងការគួរសមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងអំឡុងនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏នឹងមានការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ជារូបវ័ន្ត និងកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិនក្នុងទម្រង់ប្រព័ន្ធវីដេអូ ផងដែរ។
ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធក្នុងឆ្នាំ២០២២ កម្ពុជាមានការប្តេជ្ញាចិត្តជំរុញសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខតំបន់ក្នុងពេលបច្ចុប្បន្ន និងបញ្ហាប្រឈមកំពុងលេចឡើងថ្មីៗ តាមមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»៕