(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ និងព្រះសង្ឃក្នុងខេត្តពោធិ៍សាត់ បានមានការភ្ញាក់ផ្អើល និងប្រតិកម្មយ៉ាងខ្លាំងក្រោយលោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានចេញសេចក្តីសម្រេចតែងតាំងប្រធានថ្មី នៃមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ ដោយតែងតាំងលោក អែម សុធា ដែលសព្វថ្ងៃមានតំណែងជាអនុប្រធានមន្ទីរ និងមានឋានន្តរស័ក្តិវរៈមន្ត្រី ថ្នាក់លេខ២ ឱ្យឡើងជំនួសលោក រ៉ុន សុភារិន ដែលជាប្រធានមន្ទីរធ្លាប់បួសរៀន និងមានចំណេះដឹងខ្ពងខ្ពស់ ផ្នែកព្រះពុទ្ធសាសនា។
ការផ្លាស់ប្តូរ និងតាំងតាំង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ ត្រូវបានគេនិយាយថា គណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តពោធិ៍សាត់មិនបានដឹង និងពុំទាន់មានកិច្ចប្រជុំពិភាក្សា បញ្ជាក់ពីមូលហេតុជាក់លាក់ ចំពោះការតែងតាំងនេះ ពោលគឺហាក់មានភាពមិនប្រក្រតី ដែលទាមទារគួរពិនិត្យឡើងវិញ។
តាមសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងធម្មការ បានបញ្ជាក់ថា លោក រ៉ុន សុភារិន ដែលជាប្រធានមន្ទីរធម្មការ និងសាសនាចាស់ខេត្តពោធិ៍សាត់ ឱ្យមកបម្រើការងារ ជាមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្នុងនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្របខ័ណ្ឌក្រសួងធម្មការ និងសាសនា។
តាមប្រភពសូមមិនបញ្ចេញឈ្មោះ បានបង្ហើបថា ការប្រកាសផ្លាស់ប្តូរកន្លែងបម្រើការងារ និងតែងតាំងមន្ត្រីរាជការស៊ីវិល របស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ គណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តពោធិ៍សាត់ មិនបានដឹង និងពុំទាន់មានកិច្ចប្រជុំពិភាក្សា បញ្ជាក់ពីមូលហេតុជាក់លាក់ ដែលនាំឱ្យមានការស្នើតែងតាំង ឬផ្លាស់ប្តូរ ឬបញ្ចប់ភារកិច្ច លោក រ៉ុន សុភារិន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តពោធិ៍សាត់នោះនៅឡើយ។ តាមច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត គឺត្រូវឆ្លងការប្រជុំពិនិត្យ និងវាយតម្លៃ ពីគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តផងដែរ ទើបក្រសួងសម្រេចតាមក្រោយ។
ប្រភពពីតុកាហ្វេបានបង្ហើបពីមន្ត្រីក្នុងមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ ក្នុងរយះពេលច្រើនឆ្នាំនេះ លោក អែម សុធា ជាអនុប្រធានមន្ទីរពិតម៉ែន ប៉ុន្តែដោយលោក អែម សុធា ទទួលបន្ទុកការងាររដ្ឋបាល និងហិរញវត្ថុ បង្កើតបក្ខពួកដោយមានការត្រូវរ៉ូវ ពីលោកស្រី វាត សុជាតិ ប្រធានការិយាល័យរដ្ឋបាល និងហិរញវត្ថុ និងលោកស្រី ឃឹម សុភ័ក្រ្ក និងជាអ្នកកាន់ត្រាមន្ទីរ និងជាមនុស្សមនុស្សមហាជំនិតរបស់លោកអែម សុធា បានយកលុយខ្ទង់រដ្ឋមួយចំនួន ដើរស៊ីចាយហ៊ឺហា ទាំងប្រធានមន្ទីរមិនដឹងរឿងទាល់តែសោះ។
ប្រជាពលរដ្ឋ មន្ត្រីរាជការ និងព្រះសង្ឃក្នុងខេត្តពោធិ៍សាត់ បានទទូចស្នើសុំឱ្យលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រុមប្រឹក្សាខេត្ត គួរប្រជុំពិនិត្យ និងស្នើសុំក្រសួងធម្មការ លុបចោលសេចក្ដីសម្រេចនេះផង ព្រោះមិនទាន់ធ្វើពិធីប្រកាស ខណៈក្រសួងត្រៀមប្រកាសនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។
ជាមួយគ្នានេះទាំងពលរដ្ឋ មន្រ្តីរាជការ និងព្រះសង្ឃ ក៏ស្នើលោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា គួរតែពិចារណាឡើងវិញ ចំពោះបុគ្គលិកលក្ខណៈសម្បត្តិរបស់ប្រធានមន្ទីរចាស់ ដែលមានការគាំទ្រច្រើនលើសលប់៕