(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកងកម្លាំងអន្តរាគមន៍របស់ កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានចុះប្រតិបត្តិការ ជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ស្ថិតនៅក្នុងស្រុកភ្នំស្រុក ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះ លោកក៏បាននាំយកអំណោយស័ង្កសីរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកចុះជួយរុះរើ និងជួសជុលជូនប្រជាពលរដ្ឋឡើងវិញ សរុបចំនួន២០ខ្នង ដោយករណីខាងលើបានកើតឡើងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៧:៣០នាទី បណ្តាលឱ្យខូចខាតមានដូចខាងក្រោម៖
ទី១៖ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខូចខាតសរុបចំនួន ១ខ្នង ប្រើប្រាស់កម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៤ ចំនួន១០នាក់។
ទី២៖ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខូចខាតសរុបចំនួន ១៦ខ្នង (ខូចធ្ងន់៣ខ្នង) ប្រើប្រាស់កម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៣ ចំនួន៤៥នាក់។
និងទី៣៖ ឃុំប៉ោយចា ស្រុកភ្នំស្រុក ខូចខាតសរុបចំនួន៣ខ្នង ប្រើប្រាស់កម្លាំងអន្តរាគមន៍ ទីបញ្ជាការកងពល ចំនួន២៤នាក់។
សូមបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តល់អំណោយស័ង្កសី ជួយជួសជុល និង កសាងផ្ទះជូនប្រជាពលរដ្ឋឡើងវិញ ក្នុងប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់បានទាន់ពេលវេលា។
អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកភរិយា ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ សូមឧត្តមសេនីយ៍ឯក និងភរិយា មានសុខភាពល្អបរិបូណ៌ទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងគាំទ្រឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត៕