(សៀមរាប)៖ រថយន្តដឹកភ្ញៀវទេសចរមួយគ្រឿង ត្រូវបានមែកឈើបាក់សង្កត់ ដោយសារខ្យល់កន្រ្តាក់នាល្ងាចថ្ងៃទី២០ ខែមិថុនា ម្សិលមិញ នៅខាងមុខប្រាសាទប្រែរូប ស្ថិតក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមប្រភពនៅកន្លែងកើតកហេតុបានឱ្យដឹងថា រថយន្តដែលឈើបាក់សង្កត់នេះ ជារថយន្តដឹងភ្ញៀវទេសចរ ម៉ាក Hyundai H1 ពាក់ផ្លាកលេខសៀមរាប 2B-0061 ពណ៌ខ្មៅ ប្រភេទ១២កៅអី មានភ្ញៀវទេសចរចំនួន៤នាក់។ អ្នកបើកបរមសនឈ្មោះ សោម ចាន់ថា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ រថយន្តនេះ គេស្គាល់ថា ជារថយន្តរបស់សណ្ឋាគារ អាម៉ាន់សារ៉ា ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងក្រុងសៀមរាប។
តែទោះជាយ៉ាងណា មែកឈើធំដែលបាក់នោះ សង្កត់ត្រឹមក្បាលរថយន្ត ហើយភ្លាមៗ អ្នកបើករថយន្ត មគ្គុទ្ទេសក៍ទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់ ដែលប្រចាំការនៅប្រាសាទប្រែរូប បានជួយអន្តរាគមន៍ យកភ្ញៀវចេញពីរថយន្ត ខណៈពួកគេភ័យជាខ្លាំង។ ជាមួយគ្នានោះ ភ្ញៀវទាំង៤នាក់ ដែលសុទ្ធតែស្រីៗ ក៏រីករាយខ្លាំងដែរ ចំពោះសុវត្ថិភាពពួកគេ ដែលពុំមានរងរបួសផងដែរ។
សូមបញ្ជាក់ថា ខ្យល់លាយភ្លៀងដែលកើតឡើងនៅប្រហែលម៉ោង៥នោះ បានបណ្ដាលឱ្យដើមឈើជាច្រើនដើមក្នុងរមណីយដ្ឋានអង្គរ បាក់ និងដួលរលំ ហើយក្នុងនោះ ធ្ងន់ធ្ងរជាងគេគឺនៅប្រាសាទប្រែរូប។
ចំពោះមែកឈើដែលបាក់សង្កត់រថយន្តភ្ញៀវទេសចរ ជាដើមក្រឡាញ់ ដែលមានសភាពប្រហោងខាងក្នុង។ ហេតុការណ៍បែបនេះ តែងកើតមានក្នុងអំឡុងពេលមានខ្យល់ លាយភ្លៀងខ្លាំង៕