(កោះកុង)៖ ក្រុមការងារគណៈកម្មការបំផ្លាញគ្រឿងញៀន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំដកយកវត្ថុតាំងសារធាតុញៀន ដើម្បីចូលរួមដុតបំផ្លាញចោល ក្នុងក្នុងថ្ងៃប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿង នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
ក្នុងកិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមាន លោក សំឃិត វៀន អភិបាលខេត្តស្តីទី និងជាអនុប្រធានគណៈកម្មការបំផ្លាញគ្រឿងញៀន លោកព្រះរាជអាជ្ញារងខេត្ត លោកស្នងការរង និងមន្ត្រីក្រោមឱវាទ។
លោក សំ ឃិតវៀន បានលើកឡើងថា ក្នុងកិច្ចប្រជុំដកយកវត្ថុតាងសារធាតុញៀន ដើម្បីចូលរួមដុតបំផ្លាញចោល នៅក្នុងថ្ងៃប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តកោះកុង ហើយក្រុមការងារ នៃគណៈកម្មការ បានផ្តោតការយកចិត្តទុកដាក់ និងពិនិត្យផ្ទៀងផ្ទាត់ម្តងមួយៗទៅលើសំណុំរឿង ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ក្នុងនោះមាន- ដីកាសម្រេច សាលក្រម និងសាលដីកា។
លោកអភិបាលស្តីទី បានបន្តថា ក្រោយពីការពិនិត្យ និងពិភាក្សាលម្អិតលើករណីខាងលើរួមក គណៈកម្មការ បានឯកភាពចុះហត្ថលេខាលើកំណត់ហេតុប្រជុំ និងប្រមូលវត្ថុតាងទាំងអស់ ដាក់ចូលក្នុងហិបដែក ចាក់សោរ និងចុះហត្ថលេខាលើក្រដាស់ដើម្បីបិទលើកហិបដែក ហើយយករក្សាទុកនៅសាលាដំបូងខេត្តកោះកុង។
បន្ទាប់ពីកិច្ចការខាងលើរួចរាល់ គណៈកម្មការបានចុះទៅពិនិត្យ វត្ថុតាងចំនួន៦ហិបបន្ថែមទៀត ដែលរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង។ វត្ថុតាងទាំងអស់ខាងលើ នឹងត្រូវរៀបចំពិធីដុតបំផ្លាញចោល នៅក្នុងថ្ងៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តកោះកុង។ សម្រាប់កាលបរិច្ឆេទ និងទីកន្លែងរៀបចំពិធីដុតបំផ្លាញចោលគ្រឿងញៀន នឹងត្រូវកំណត់នៅពេលក្រោយ៕