(ភ្នំពេញ)៖ បងប្រុសបង្កើតរបស់ជនរងគ្រោះ ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្តរបស់តារាចម្រៀង ខេម បុកជាមួយនឹងរថយន្ត Celica កាលពី​យប់ថ្ងៃទី១៧​ ខែឧសភាកន្លងទៅ ត្រូវបានលោក ម៉ាត់ កាលី ថ្លែងប្រាប់ Fresh News តាមទូរស័ព្ទនៅមុខនេះ​បន្តិច នារសៀលថ្ងៃទី២០ ខែឧសភានេះថា រហូតមកដល់ពេលនេះ លោកមិនទាន់បានឃើញក្រុមគ្រួសារ របស់តារាចម្រៀង ខេម ចូលខ្លួនមករក ដំណោះស្រាយ ករណីស្លាប់ប្អូនប្រុសរបស់លោកនៅឡើយទេ ខណៈដែលលោកបានផ្ញើសារទៅ និងទូរស័ព្ទ ប៉ុន្តែគ្មានការឆ្លើយតប។

លោក ម៉ាត់ កាលី បានបន្តទៀតថា រយៈពេល១ ឬ២ថ្ងៃនេះ ក្រុមគ្រួសាររបស់លោក បានរង់ចាំក្រុមគ្រួសារ របស់តារាចម្រៀង ខេម ចូលខ្លួនមកដោះស្រាយគ្នា ឲ្យបានចប់សព្វគ្រប់ ​លោកក៏មិនចង់វែងឆ្ងាយអ្វីដែរ ព្រោះបើបន្តឲ្យវែងឆ្ងាយ នាំឲ្យខាតពេលវេលា ហើយប្អូនប្រុសរបស់លោក ក៏មិនអាចមានជីវិតឡើងវិញដែរ។ ប៉ុន្តែប្រសិនបើក្រុមគ្រួសារ របស់តារាចម្រៀង ខេម នៅតែពន្យាពេល មិនព្រមចូលខ្លួនមកដោះស្រាយទេនោះ លោកនឹងមានវិធានការតាមច្បាប់ ពោលលោកនឹងប្ដឹងឡើងតុលាការតែម្ដង។

​សូមបញ្ជាក់ថា ​ក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត RANGE ROVER ពាក់ស្លាកលេខ 2X-9987 ដោយជួបគ្រោះថ្នាក់ចរាចរណ៍​ជាមួយរថយន្ត ម៉ាក Celica ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 នៅចំណុចមុខឃ្លាំង ស្ថាននីយប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បានអះអាងប្រាប់ Fresh News ​កាលពីរសៀលថ្ងៃទី១៨ ខែឧសភាកន្លងទៅថា តារាចម្រៀង ខេម របស់ផលិតកម្មថោន គឺជាអ្នក​បើកបរ​រថយន្ត RANGE ROVER និងស្ថិតនៅក្នុងហេតុការណ៍ គ្រោះថ្នាក់នេះ ហើយបានរត់គេចខ្លួនជាមួយស្រ្តីម្នាក់ ក្រោយកើតហេតុ។

​សាច់ញាតិ​ជនរងគ្រោះ បានបញ្ជាក់ប្រាប់ទៀតថា ​បងប្អូនគ្រួសារ តារាចម្រៀង​ ខេម រួមនឹងខាងផលិតកម្មផង បានសុំចូលខ្លួនមកចរចារដោះស្រាយ បញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ពាក់ព័ន្ធនឹងចំនួនទឹកប្រាក់ នៃការសងសំណង មិនទាន់ត្រូវបាន​បង្ហើបឲ្យដឹង នៅឡើយនោះទេ។ ​​ប៉ុន្តែរហូតមកដល់ពេលនេះ គឺមិនទាន់មានជាលទ្ធផលផ្លែផ្កាអ្វីឡើយ ខណៈដែលដំណោះស្រាយ គឺមិនទាន់មាននោះទេ។

យ៉ាងណាមិញប្រពភព័ត៌មាន ពីក្រុមគ្រួសារជនរងគ្រោះ បានបង្ហើបឲ្យដឹងថា ខ្លួនក៏មិនចង់វែងឆ្ងាយអ្វីតទៅទៀតដែរ ព្រោះបើវែងឆ្ងាយ ក៏មិនអាចឲ្យជីវិត មនុស្សដែលស្លាប់ទៅហើយ រស់មកវិញដែរ ប៉ុន្តែពាក់ព័ន្ធនឹងសំណង ក៏ត្រូវពិចារណាឲ្យបានសមរម្យដែរ ព្រោះជីវិតមនុស្ស មិនអាចកាត់ថ្លៃបានទេ ។ តែយ៉ាងណា ក៏គ្រួសារជនរងគ្រោះ មានការយោគយល់ ចំពោះការចូលខ្លួនមកដោះស្រាយ ពីសំណាក់គ្រួសារ ខេម នៅពេលនេះ​ ព្រោះសំខាន់ស្ថិតនៅលើការជជែកគ្នា ដើម្បីទទួលយកបានទាំសងខាង តែប៉ុណ្ណោះ៕