(ពោធិ៍សាត់)៖ ខេត្តពោធិ៍សាត់ បានប្រារព្ធពិធីបុណ្យវិសាខបូជា នៅលើបូរីវប្បធម៌កោះសំពៅមាស និងរៀបចំក្បួនដង្ហែវិសាខបូជា ប្រទក្សិណក្នុងក្រុងពោធិ៍សាត់ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោមការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃកិច្ចកោសល យ៉ែម ហន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត លោក ម៉ក់ រ៉ា អភិបាលរងខេត្ត តំណាងអភិបាលខេត្តពោធិ៍សាត់ ព្រមទាំង ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រះសង្ឃ តាជី យាយជី ឧបាសក ឧបាសិកាទូទាំងខេត្ត ប្រមាណ៤០០០អង្គ/នាក់។
ការដែលប្រារឰពិធីបូជានាថ្ងៃ១៥កើត ខែពិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញ ខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គល អភិ លក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូតចាកឧទរមាតា ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញាណ និងទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន។
ជាងនេះទៀត ប្រទេសជិត២០០ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ បានប្រកាសកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ទទួលស្គាល់ជាបុណ្យអន្តរជាតិមួយ។ ដូច្នេះនៅថ្ងៃទី២០ ខែឧសភា នេះ មិនមែនតែនៅក្នុងខេត្តពោធិ៍សាត់ ឬទូទាំងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែប្រទេសដែលកាន់ព្រះពុទ្ធសាសនាទាំងអស់ ក្នុងសាកលលោក ក៏កំពុងតែប្រារព្ធពិធីបុណ្យវិសាខបូជានេះផងដែរ។
គួរបញ្ជាក់ថា ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំ ក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់ សំរាប់រំលឹកដល់ព្រះពុទ្ធសមណគោត្ដមបរមគ្រូ នាថ្ងៃពេញបូណ៌មី (គឺថ្ងៃ១៥កើត) ខែពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿ ថាជាមហាកុសលដ៏ប្រសើរ៕