(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យអំពាវនាវប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញដែនជម្រកសត្វព្រៃព្រែកប្រសព សហការជាមួយអាជ្ញាធរ និងអង្គការដៃគូ ដើម្បីធ្វើយ៉ាងឱ្យដែនជម្រកសត្វព្រៃព្រែកប្រសព្វ មានសុវត្ថិភាពខ្ពស់សម្រាប់សត្វក្តាន់ ទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃ ជាពិសេសលុបបំបាត់អន្ទាក់គ្រប់ប្រភេទ។
ក្រៅពីមានវត្តមាននៅក្នុងប្រទេសកម្ពុជា សត្វក្តាន់នេះក៏មានរស់នៅផងដែរក្នុងប្រទេសឥណ្ឌា នេបាល់ ប៊ូតាន់ បង់ក្លាដេស ភូមា និងថៃ ហើយអ្នកវិទ្យាសាស្រ្តជឿថា សត្វក្តាន់ប្រហែលបានផុតពូជបាត់ទៅហើយពីប្រទេសចិន ឡាវ និងវៀតណាម។ សត្វក្តាន់ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជជាសកល។ ការរស់រានរបស់សត្វក្តាន់ ត្រូវបានគំរាមកំហែងដោយការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ និងវិបត្តិអន្ទាក់ដែល បណ្តាលមកពីការជួញដូរសត្វព្រៃខុសច្បាប់។
ការអំពាវនាវបែបនេះរបស់ លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងដំណើរទស្សនកិច្ចសារព័ត៌មានទៅកាន់តំបន់ព្រៃលិចទឹកមេគង្គ នាថ្ងៃព្រហស្បត៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ ដោយអង្គការ WWF ព្រមទាំងបានចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពសត្វក្តាន់នៅកម្ពុជា។
នាឱកាសនោះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា តាមរយៈការស្រាវជ្រាវថាបង្ហាញថា សត្វក្តាន់ សរុបប្រមាណ ៨៤ក្បាល កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ នៃខេត្តក្រចេះ ដែលបានបង្ហាញតម្លៃជាសកលនៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គ សម្រាប់ការអភិរក្សសត្វក្តាន់ដែលជាប្រភេទកម្របំផុតសម្រាប់សកលលោក។ ការរស់រានរបស់សត្វក្តាន់ ត្រូវបានគំរាមកំហែងដោយការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ និងវិបត្តិអន្ទាក់ដែលបណ្តាលមកពីការជួញដូរសត្វព្រៃខុសច្បាប់។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការចាត់វិធានការអភិរក្សរួមគ្នាបន្ទាន់បន្ថែមមានសារៈសំខាន់ និងចាំបាច់ដើម្បីការពារទីជម្រកចុងក្រោយរបស់សត្វក្តាន់ដ៏កម្រនេះ ធានាថាទីជម្រកធម្មជាតិរបស់វាគ្មានការដាក់អន្ទាក់ និងបញ្ឈប់តម្រូវការសាច់សត្វព្រៃ និងផលិតផលពីសត្វព្រៃ ដើម្បីស្តារចំនួនសត្វក្តាន់ និងប្រភេទសត្វដទៃទៀតឱ្យកើនឡើងវិញ និងអាចបន្តរស់រានក្នុងដែនជម្រកធម្មជាតិទៅថ្ងៃអនាគត។
បើតាមលោក អៀម សំអ៊ន់ ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃតំបន់ទេសភាពមេគង្គនៃអង្គការWWF បានរៀបរាប់ថា៖ «អស់រយៈកាល១៦ឆ្នាំហើយបន្ទាប់ពីការរកឃើញវត្តមានសត្វក្តាន់ឡើងវិញ នេះជាការចងក្រងរបាយការណ៍ស្តីពីចំនួនសត្វក្តាន់នៅកម្ពុជាលើកដំបូងសម្រាប់ការអភិរក្សសត្វដ៏កម្រនៅ លើពិភពលោកមួយប្រភេទនេះ»។
លោក សេង ទៀក នាយកអង្គការ WWF បានថ្លែងថា លទ្ធផលស្រាវជ្រាវនាពេលនេះមិនត្រឹមតែបានធ្វើឱ្យកេតនាមរបស់កម្ពុជាលេចត្រដែតលើឆាកអន្តរជាតិប៉ុណ្ណោះទេ វាថែមទាំងបានបង្ហាញពីសារៈសំខាន់ជាសកលនៃតំបន់ទេសភាពមេគង្គជាទីជម្រកដ៏សំខាន់សម្រាប់ការរស់រានរបស់សត្វព្រៃទាំងលើគោក និងក្នុងទឹកគ្រប់ប្រភេទ។
លោកបានបន្ថែមថា៖ «អង្គការ WWF សូមកោតសរសើរ និងសូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមស្រាវជ្រាវ និងការពង្រឹងការអនុវត្តច្បាប់របស់មន្ត្រីឧទ្យានុរក្ស ដោយមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរ និងសហគមន៍មូលដ្ឋានដើម្បីការពារតំបន់សត្វព្រៃទាំងនេះសម្រាប់ជាប្រយោជន៍របស់ធម្មជាតិ និងមនុស្សគ្រប់ជំនាន់»។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «ក្រសួងបរិស្ថានសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ការពារធម្មជាតិចូលរួមអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះដោយបោះបង់ចោលការបរបាញ់ និងដាក់អន្ទាក់ បញ្ឈប់ការទិញ ការបរិភោគសាច់សត្វព្រៃ ដើម្បីចូលរួមថែរក្សា និងអភិរក្សប្រភេទសត្វកម្រដូចជាសត្វក្តាន់នេះសម្រាប់ជាប្រយោជន៍មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀតទៅអនាគតយូរអង្វែង និងសម្រាប់ពង្រឹងការអភិវឌ្ឍជីវភាពរបស់សហគមន៍មូលដ្ឋាន»។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា៖ «ក្រសួងបរិស្ថាន រួមជាមួយនឹងអង្គការ WWF បាននឹងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការការពារ និងអភិរក្ស សត្វក្តាន់ដ៏កម្រនេះតាមរយៈការបង្កើនជីវភាពសហគមន៍មូលដ្ឋាន ការអប់រំផ្សព្វផ្សាយ និងការពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃរាល់ការបរបាញ់ និងការដាក់អន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធ្វើយ៉ាងណា ធានា ការរស់រានរបស់សត្វក្តាន់ និងសត្វព្រៃដ៏មានតម្លៃជាសកលដទៃទៀតនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា»។
ក្រុមអ្នកជំនាញស្រាវជ្រាវនឹងបន្តពង្រឹងទិន្នន័យវិទ្យាសាស្ត្រស្តីពីរបាយសត្វក្តាន់ឱ្យកាន់តែសុក្រិតថែមទៀត ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបដ្រូនជាមួយម៉ាស៊ីនថតប្រើកំដៅនៅទូទាំងដែនជម្រកទាំងមូល៕