(ត្បូងឃ្មុំ)៖ បន្ទាប់ពីបានអញ្ជើញចូលរួមអបអរសាទរខួប៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ហើយនោះ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់ផ្លូវជាតិលេខ៧១C តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទៅស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានប្រវែងជាង ១១៤គីឡូម៉ែត្រ។
ក្នុងដំណើរចុះពិនិត្យការសាងសង់នោះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន, មន្ត្រីជំនាញបច្ចេកទេស តំណាងក្រុមហ៊ុន សាងសង់ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផងដែរ។
ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យលក្ខណៈបច្ចេកទេស តាមដានវឌ្ឍនភាពការងារ សាងសង់ និងពិនិត្យថាតើក្រុមហ៊ុនសាងសង់កំពុងអនុវត្តការងារនីមួយៗត្រឹមត្រូវតាមសៀវភៅបន្ទុក ឬ កិច្ចសន្យាដែរឬទេ ដើម្បីធានាគុណភាពផ្លូវថ្នល់រឹងមាំ និងប្រើប្រាស់ជាប់បានយូអង្វែង។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីលក្ខណៈ បច្ចេកទេសនៃការសាងសង់ផ្លូវនេះដែលក្នុងនោះរួមមាន៖ ការសិក្សាលម្អិតលើស្ថានភាពភូមិសាស្ត្រ ការលើកម្ពស់តួផ្លូវឱ្យផុតពីទឹកនៅរដូវវស្សាពេលមានទឹកជំនន់ធំ ការសាងសង់ស្ពានបើកមុខទឹកប្រវែង ៤០០ម៉ែត្រការពារទឹកហូរបុកដាច់ផ្លូវ និងគ្រឹះផ្លូវ នៅទីប្រជុំជនមានការជីកប្រឡាយទឹក និងដាក់លូបង្ហូរទឹក ដើម្បីជាមូលដ្ឋានជាក់ស្ដែងក្នុងការធានាឱ្យគុណភាពផ្លូវមានភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស សាងសង់ យកចិត្តទុកដាក់សាងសង់ដោយឈរលើគោលការណ៍គុណភាពជាចម្បង និងត្រូវស្រោចទឹកឱ្យបានជាប្រចាំ ដើម្បីកុំឱ្យរំខាន និងប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ និងបងប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនោះ។
លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរដល់ក្រុមហ៊ុនដឹកជញ្ជូនដឹកជញ្ជូន ក៏ដូចជាប្រជាពលរដ្ឋកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ធ្វើឱ្យផ្លូវឆាប់ខូចផ្លូវ។ លោករដ្ឋមន្ត្រី បានលើកបង្ហាញនូវរូបមន្តដឹកលើសទម្ងន់ ហើយឆាប់ធ្វើឱ្យផ្លូវខូចយ៉ាងដូច្នេះថា រថយន្តមួយគ្រឿងដឹកទំនិញលើស ១០តោន ស្មើនឹងរថយន្ត ១០,០០០គ្រឿងដឹកទំនិញលើផ្លូវ។ បើរថយន្តមួយគ្រឿងដឹកទំនិញលើស ៣០តោន វាស្មើនឹងរថយន្ត ៨១,០០០០គ្រឿងបើកលើផ្លូវ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការសាងសង់ផ្លូវជាតិលេខ៧១C គិតរហូតមកទល់ពេលនេះ សម្រេចបាន៣៧ភាគរយហើយ។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៧១C គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។
ផ្លូវមួយខ្សែនេះមានប្រវែងសរុប ១១៤.៦២គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ១៥៤+៧០០ ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅគីឡូម៉ែត្រលេខ៣០+៤០០ ផ្លូវជាតិលេខ៧១ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
ផ្លូវនេះគ្រោងប្រើពេលសាងសង់ចំនួន ៤២ខែ ដោយគ្រោងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៤។ ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ាន អាន គ្រោងចំណាយថវិកាសាងសង់ ប្រមាណជិត ១៣០លានដុល្លារ៕