(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២នេះ បានចាត់ឱ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជនមានពិការភាពចំនួន ២នាក់ ដែលរងគ្រោះថ្នាក់ចរាចរណ៍ និងមានជំងឺប្រចាំកាយ រស់នៅក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតអាសូរ ចំពោះអ្នកទាំងពីរខាងលេី និងសូមលេីកទឹកចិត្តឱ្យថែទាំសុខភាពឱ្យបានល្អ ជូនពរឆាប់បានជាសះស្បេីយពីរបួស និងជាសះស្បេីយពីជំងឺឡេីងវិញ ។
សូមបញ្ជាក់ថា ជនមានពិការភាពទាំង ២នាក់ខាងលេីនេះ រួមមាន លោក សេម សុវន្ថា មានពិការភាពជើងទាំងពីរ និងជាប្រធានសមាគមជនពិការអង្គរ ដែលកំពុងសម្រាកព្យាបាលរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយទទួលបានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រេីប្រាស់ និងថវិកា ៥លានរៀល។
ចំណែកឯអតីតយុវជនកាកបាទក្រហមកម្ពុជា រ៉ាន សារ៉ូន ពិការស្វិតជើងឆ្វេងពីកំណើត និងមានជំងឺតម្រងនោម កំពុងសម្រាកតាមដានសុខភាពនៅផ្ទះ ស្ថិតនៅភូមិអរញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដូចជា គ្រឿងឧបភោគបរិភោគ សម្ភារៈប្រេីប្រាស់ និងថវិកាចំនួន២លានរៀលផងដែរ៕