(ភ្នំពេញ)៖ លោក ផាម មីញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈសុន្ទរកថារបស់ខ្លួន បានបង្ហាញនូវការដឹងគុណដល់កម្ពុជា ក្នុងការជួយបង្រួបបង្រួមដល់ប្រទេសវៀតណាម។
លោកថ្លែងបែបនេះ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីប្រារព្ធខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសម្ពោធសមិទ្ធផលនានា ក្នុងខេត្តត្បូងឃ្មុំ។
លោកនាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងថា «វៀតណាមពិតជាដឹងគុណជាខ្លាំងដល់កម្ពុជាជាពិសេសក្នុងការជួយបង្រួបបង្រួមដល់ប្រទេសវៀតណាម»។ លោកជឿជាក់យ៉ាងមុតមាំថា កម្ពុជា និង វៀតណាម នៅតែបន្តមិត្តភាពមួយនេះកាន់តែរឹងមាំ ហើយស៉ីជម្រៅបន្ថែមទៀត ដោយការណ៍នេះ លោកមើលឃើញថាជាទ្រព្យសម្បត្តិ ដែលមិនអាចកាត់ថ្លៃបាន ដោយមនុស្សជំនាន់ក្រោយបន្តគោរពជាកិត្តិយសគ្រប់ជំនាន់តទៀត។
វៀតណាម ត្រូវបានបែងចែកជា២ប្រទេស គឺវៀតណាមខាងជើង និងវៀតណាមខាងត្បូង ក្រោយអំឡុងសង្គ្រាមឥណ្ឌូចិន លើកទី១ ឆ្នាំ១៩៤៩ គ្រាដែលពិភពលោកទទួលរងឥទ្ធិពលសង្គ្រាមត្រជាក់ ក្នុងនោះបារាំងក្រោមការគាំទ្រពីសហរដ្ឋអាមេរិក បានផ្តួចផ្តើមគំនិតបង្កើតវៀតណាមខាងត្បូង ដោយដាក់ឱ្យស្ថិតនៅក្រោមការដឹកនាំរបស់ព្រះចៅបៅដាយ ដែលជាអតីតអធិរាជ្យនគរអាណាម។ ក្រោមការជួយពីកម្ពុជា និងឡាវ វៀតណាមខាងជើងបានធ្វើសង្គ្រាមយកឈ្នះវៀតណាមខាងត្បូង ដែលមានអាមេរិកនៅពីក្រោយខ្នង និងបង្រួបបង្រួមវៀតណាមទាំងពីរនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៧៥។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការគាំទ្រ និងជួយដ៏មានតម្លៃ ដែលថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាជាច្រើនជំនាន់ ចំពោះប្រជាជនវៀតណាម ក្នុងការជួយរំដោះប្រទេសជាតិកន្លងមក ក៏ដូចជាការកសាង និងការអភិវឌ្ឍប្រទេសសព្វថ្ងៃ»។
លោកបានបន្តថា៖ «យើងខ្ញុំសូមសម្តែងនូវការដឹងគុណពិសេស ចំពោះរាជរដ្ឋាភិបាល ដើរតាមនយោបាយអព្យាក្រឹតរបស់កម្ពុជា បានទទួលស្គាល់រណសិរ្សរំដោះជាតិវៀតណាមខាងត្បូង បានជួយអស់ពីចិត្ត និងបង្កលក្ខណៈអំណោយផល ដល់បដិវត្តន៍វៀតណាម ក្នុងការកសាងនូវមូលដ្ឋាន និងផ្លូវដឹកជញ្ជូនឲ្យសមរភូមិវៀតណាមខាងត្បូង ក្នុងកាលៈទេសៈដ៏សែនលំបាកនោះ»៕