(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរស់នៅភូមិពន្លឺរាត្រីសែនជ័យ ឃុំព្រពន្លា ក្រុងសិរីសោភ័ណ បានរៀបរាប់ថា គណបក្សប្រជាជនកម្ពុជាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន មិនបោះបង់ចោលពួកគាត់ឡើយ មានតែការយកចិត្តទុកដាក់ចំពោះគាត់ថែមទៀត ទោះបីជាភូមិពួកគាត់ដាច់ស្រយ៉ាល យ៉ាងណាដោយ ក៏នៅមានមន្ត្រីគណបក្សចុះមកជួយ និងចែកទឹក ជាបន្តបន្ទាប់។
ប្រជាពលរដ្ឋបានអះអាងបែបនេះ ខណៈដែលលោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារចុះចែកទឹក និងសន្យាស្តារ ស្រះទឹកមាន ទំហំ៣០ម៉ែត្រ គុណ១៧០ម៉ែត្រជូនប្រជាពលរដ្ឋរស់នៅភូមិខាងលើ។
លោក អ៊ុង អឿន បានឲ្យដឹងថា ទោះបីជាភូមិរបស់ពួកគាត់ នៅដាច់ស្រយ៉ាលយ៉ាងណា ក៏ក្រុមការងារយើងបន្ត ចុះជួយ និងស្តារស្រះទឹក និងចែកទឹក ជាពិសេសនោះ យើងកំពុងរកប្រភពទឹក ឲ្យពួកគាត់ ដើម្បីផ្គត់ផ្គង់។ នៅចំពោះមុខប្រជាពលរដ្ឋក្រុមការងារ បានសន្យាដល់ពលរដ្ឋថា ប្រឡាយទឹក ដែលកំពុងរីងស្ងួតនេះ គឺនឹងចាប់ផ្តើមយកគ្រឿងចក្រមកកាយស្តារប្រឡាយ ជូនពួកគាត់ឲ្យបានឆាប់រហ័ស។ ពលរដ្ឋរស់នៅខាងលើបានឲ្យដឹងថា ស្រះទឹកពួកគាត់គឺបានរីងស្ងួតយូរហើយ មួយណាភូមិគាត់ជីកអណ្តូង និងស្រះទឹកមិនងាយចេញទឹកឡើយ ហើយពួកគាត់សង្ឃឹមថា ក្រុមការងារ គណបក្សប្រជាជនកម្ពុជា ជួយស្តាស្រះទឹកឲ្យមានជម្រៅជ្រៅជាងមុខ ។
ពួកគាត់បន្ថែមថា ពួកគាត់រស់នៅទីនេះគឺ បានបោះឆ្នោត ជូនសម្តេចតេជោ ហ៊ុន សែន ជាង២០ឆ្នាំហើយ មិនដែលខានមួយសន្លឹកណាឡើយ។ នាឱកាសនោះ ក្រុមការងារ បានចែកទឹក និងពាំនាំ យកកាដុងជ័រ របស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចែកជូនពួកគាត់ផងដែរ៕