(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សាអង្គការសម្ព័ន្ធស្លាពិភពលោកហៅកាត់ថា (RABITA) បានជួបសំណេះសំណាលជាមួយ លោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីមអាល់អ៉ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) នៅវិមានសន្តិភាព។
ក្នុងកិច្ចសំណេះសំណាល លោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីមអាល់អ៉ីសា បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់ម្លប់ដ៏កក់ក្តៅ ពោពេញដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ចំពោះសាសនិកឥស្លាម ដែលលោកសូមធ្វើការវាយតម្លៃខ្ពស់ ចំពោះអ្វីដែលសាសនិកឥស្លាមទទួលបាន ដែលបង្ហាញពីគោលនយោបាយសុខដុមបនីយកម្មរបស់កម្ពុជា។
លោកអគ្គលេខាធិការបានបន្ថែមទៀតថា កម្ពុជាជាប្រទេសគំរូសម្រាប់ពិភពលោកទាំងមូល ដែលមានស្នាដៃក្នុងការកសាងសន្តិភាពប្រកបដោយប្រសិទ្ធភាព ជាប្រទេសដែលស្រលាញ់សន្តិភាព មានឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ អ្នកកាន់សាសនាទាំងអស់ទទួលបានភាពកក់ក្តៅ និងគុណតម្លៃលើសិទ្ធនៃការរស់នៅ និងប្រតិបត្តសាសនា។
លោកបានផ្ដាំផ្ញើឲ្យបន្តអនុវត្ត គោលជំនឿនិយមកណ្ដាលផ្សារភ្ជាប់ជាមួយនិងវិស័យអប់រំដែលជាវិស័យសំខាន់ ដែលសហគមន៍ឥស្លាមត្រូវតែយកចិត្តទុកដាក់ខ្ពស់។
លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏បានលើកឡើងពីវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជា ចេញពីសង្គ្រាមមកដល់ចំណុចនេះ គឺឆ្លងកាត់ការលះបង់ពលីមិនតិចតួចទេ ដៃម្ខាងការពារជាតិដៃម្ខាងអភិវឌ្ឍន៍ ជាពិសេសគោលនយោបាយឈ្នះឈ្នះរបស់សម្តេច រហូតមានការបង្រួបបង្រួមនិងការកសាងសន្តិភាពពេញលេញ រហូតមកដល់បច្ចុប្បន្ន។
ចំពោះសហគមន៍ឥស្លាម រាជរដ្ឋាភិបាលបានបង្កើតឲ្យមានគណៈចាងហ្វាងដែលជាស្ថាប័នកំពូល មានតួនាទីភារកិច្ចរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងតាមបែបសាសនាចាប់ពីរាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ និងតាមបណ្តាម៉ាស្ជិទទូទាំងប្រទេស។ លើសពីនេះ រដ្ឋាភិបាលបានផ្តល់សិទ្ធឲ្យខ្មែរឥស្លាមចូលរួមបម្រើការងារជាមួយរាជរដ្ឋាភិបាលនៅតាមបណ្តាក្រសួងស្ថាប័ន ទាំងនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។
សូមជម្រានជូនដែរថា អង្គការសម្ព័ន្ធពិភពឥស្លាម RABITA ជាអង្គការដ៏ធំមួយ ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៦២ ដោយ ព្រះចៅ ហ្វៃសល អាល់សាអ៊ូឌ ជាសមាជិកសង្កេតការណ៍របស់ អង្គការសហប្រជាជាតិ (UN) ជាសមាជិកសង្កេតការរបស់ អង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមានមានទីស្នាក់ការ នៅទីក្រុងម៉ាកាស់ (Makkah) ប្រទេសអារ៉ាប៊ីសាអូឌីត មានការិយាល័យរបស់ខ្លួនជាច្រើន ក្នុងបណ្ដាប្រទេសចំនួន៩៥៕