(បន្ទាយមានជ័យ)៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោយបញ្ចប់ការចូលរួមទិវាចងកំហឹង ២០ឧសភា បានដឹកនាំកម្លាំងនគរបាលខេត្ត កម្លាំងស្រុកចំនួន៦០នាក់ ចុះទៅរុះរើ និងជួសជុលសាលាបឋមសិក្សាមួយខ្នង ស្ថិតនៅភូមិគោកអំពិល ស្រុកស្វាយចេក បន្ទាប់ពីសាលារៀនមួយនេះ បានចាស់ទ្រុឌទ្រោម ធ្លុះធ្លាយដំបូលមិនអាចឲ្យកូនសិស្សរៀនបាន។
បន្ទាប់ពីមានការណែនាំ និងការជួយឧបត្ថម្ភស័ង្កសីចំនួន២៥០សន្លឹក ពីលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ រួចមកលោកស្នងការបានដឹកនាំកម្លាំងចុះទៅជាបន្ទាន់ ដើម្បីធ្វើការជួសជុលឡើងវិញ។ លោកឧត្តមសេនីយ៍ស្នងការ អាត់ ខែម បានបញ្ជាក់ថា សាលារៀនមួយនេះត្រូវបានសាងសង់តាំងពីឆ្នាំ១៩៩៥មកម្ល៉េះ ដោយអង្កការឃុនសឺន ហើយរហូតមកដល់សព្វថ្ងៃមានសភាពចាស់ទ្រុឌទ្រោម រហូតដំបូលសាលាធ្លុះធ្លាយ កូនសិស្សរៀនមិនកើតនោះ ទើបលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានចាត់ចែងភ្លាមៗ ហើយលោកដឹកនាំកម្លាំងចុះទៅជួយជួសជុលតែម្តង។
លោកស្នងការ បានឡើងលើដំបូលសាលារៀន ជាមួយកម្លាំងនគរបាលរបស់ខ្លួនវាយដុំ និងប្រកដំបូលស័ង្កឡើងវិញ និងប្រហែលអាចរួចនៅថ្ងៃនេះតែម្តង។
លោក អាត់ ខែម បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគិតបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរីកសុះសាយ ក្នុងនោះសាលារៀន បានលេចឡើងនៅតាមទីជនបទ នាំឲ្យកូនៗ របស់ប្រជាពលរដ្ឋអាចចូលរៀនបានគ្រប់គ្នាៗ៕