(អាមេរិក)៖ បេក្ខជនប្រធានធិបតីនាំមុខក្នុងគណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីនតុន បានធ្វើការវាយប្រហារចំៗទៅលើលោក ដូណាល់ ត្រាំភ៍ (Donald Trump) ថា «ជាមនុស្សមិនទៀងទាត់ និង គ្រោះថ្នាក់ ឬជាមនុស្សបង្ករឿង» ដែលលោកស្រីហ៊ានអះអាងថា បុគ្គលបែបនេះ មិនសមធ្វើជាប្រធានាធិបតីអាមេរិកនោះទេ។ នេះបើតាមការចេញផ្សាយដោយ CNN នារសៀលថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០១៦។
ការថ្លែងរបស់លោកស្រី គ្លីនតុន ខាងលើនេះបានធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN នៅយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការលើកឡើងរបស់ បេក្ខជននាំមុខការប្រកួតនៅគណបក្ស សាធារណរដ្ឋ លោក ដូណាល់ ត្រាំភ៍ បានបញ្ចេញមតិយោបល់ជាច្រើនលើ ជំហររបស់ លោកដែលចង់ពិភាក្សាផ្ទាល់ជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ព្រមទាំងការវាយ ប្រហារដោយពាក្យសំដីទៅលើ អ្នកនយោបាយអង់គ្លេសដ៏ល្បីឈ្មោះមួយរូប។
លោក ស្រីគ្លីន ថ្លែងដូច្នេះថា «ការចង់ពិភាក្សាជាមួយមេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន, ការហាម ឃាត់ជនជាតិម៉ូស្លីមមិនឲ្យចូលទឹកដីអាមេរិក, ការគាំទ្រឡើងវិញលើអង្គការណាតូ, ការចង់ឲ្យ ប្រទេសកាន់តែច្រើនមានអាវុធនុយក្លេអ៊ែរ, និង ការវាយប្រហារអ្នកនយោបាយនៃប្រទេស សម្ព័ន្ធមិត្តអាមេរិកមួយចំនួនទៀតនោះ វាបានធ្វើឲ្យរូបភាពលោកត្រាំ មើលទៅហាក់ដូចជា បុគ្គលដែលប្រកបដោយគ្រោះថ្នាក់បំផុត និងមិនសក្តិសមជាមេដឹកនាំអាមេរិកនោះទេ»។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះលោកស្រី គ្លីនតុន កំពុងតែបន្តការប្រកួតប្រជែងយកឈ្មោះ ជា បេក្ខភាពតែមួយក្នុងបក្សប្រជាធិបតេយ្យនៅឡើយ ដោយមានគូប្រជែងរបស់ខ្លួនមួយរូបដែរ គឺលោក Bernie Sanders។ ប៉ុន្តែសម្រាប់នៅគណបក្សសាធារណរដ្ឋវិញលោក ដូណាល់ ត្រាំភ៍ ច្បាស់ណាស់ថានឹងក្លាយជាបេក្ខភាពតែមួយគត់របស់បក្សទៅហើយ ព្រោះគ្មានបេក្ខជនណាមួយអាចតាមលោកទាន់ឡើយ៕