(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងថា កម្មវិធី «ពិព័រណ៍ការងារ» នឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ១៧៖០០នាទីល្ងាច នៅទីតាំងអាគារ Kampus ជិតស្ពានអាកាសក្បាលថ្នល់ រៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ និងឧបត្ថម្ភគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO)។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារនេះ នឹងមានក្រុមហ៊ុនធំៗចំនួន ២២ ចូលរួមតាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្មប្រមាណ ៣,២០០កន្លែង ហើយសង្ឃឹមថា នឹងទាក់ទាញអ្នកចូលរួម នឹងដាក់ពាក្យរកការងារ ដែលជាយុវជន និងកម្លាំងពលកម្មវ័យក្មេងរាប់ពាន់នាក់។

សម្រាប់ព័ត៌មានបន្ថែមស្តីពីកម្មវិធីពិព័រណ៍សូមស្កេន QR Code ឬទាក់ទងតាមរយៈទូរស័ព្ទលេខ ០១៧ ៤៦៧ ៤២៣ / ០១៧ ៨៧១ ៨០៧ / ០៩៦ ២១៥៥ ១៦២ ៕