(ត្បូងឃ្មុំ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើឲ្យបង្កលក្ខណៈងាយស្រួល ដល់ប្រជាជនកម្ពុជា និងវៀតណាម ចូលទស្សនាទៅវិញទៅមក នៅតំបន់ប្រវត្តិសាស្រ្ត X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំងសម្តេចតេជោ និងយុទ្ធមិត្ត បានឆ្លងទៅកាន់ប្រទេសវៀតណាម ទាំងកណ្តាលអាធ្រាត្រកាលពី៤៥ឆ្នាំមុន ដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន។
ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីរំលឹក ដល់ដំណើរតស៊ូដ៏អង់អាចក្លាហាន ក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជាកាលពី៤៥ឆ្នាំ នៅព្រំដែនកម្ពុជា-វៀតណាម តំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំស្នើឲ្យភាគីទាំងពីរ ពិនិត្យអំពីទម្រង់បែបបទមួយចំនួន ខ្ញុំចង់ឲ្យមានចំណុចពិសេសនៅកន្លែងនេះ ឧទាហរណ៍៖ ខាងផ្នែកកម្ពុជា ចង់មកដុតធូប តើត្រូវឆ្លងរបៀបម្ដេច ហើយប្រជាជនវៀតណាម មកលេងអគារមិត្ដភាព មកលេងរបៀបម្ដេច បើយើងឲ្យពួកគាត់មានលិខិតឆ្លងដែន គឺវាមិនបានទេ ដូច្នេះត្រូវបង្កលក្ខណៈងាយស្រួលដល់ពួកគាត់»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា តំបន់ប្រវត្តិសាស្រ្ត X16 សម្ដេចជាមួយលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម មានគោលបំណងដើម្បីថ្ងៃក្រោយ អាចបើកជាច្រកទ្វារអន្ដរជាតិ នៅពេលសមស្រប ប៉ុន្ដែថ្ងៃនេះមិនទាន់អាចប្រកាសបាន ដោយសារត្រូវនៅធ្វើកិច្ចការងារមួយចំនួន និងត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញថា ផ្លូវដែលធ្វើពីកោះថ្ម វាមានត្រឹមតែ៨ម៉ែត្រប៉ុណ្ណោះ ដូច្នេះសម្ដេចសូមឲ្យទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ផ្ដើមពង្រីកវា យ៉ាងហោចណាស់ឲ្យប៉ុនផ្លូវជាតិលេខ៧ តភ្ជាប់មកតំបន់ព្រំដែននេះ ព្រោះសម្ដេចជឿជាក់ថា ថ្ងៃក្រោយតំបន់ប្រវត្តិសាស្រ្ត X16 នេះ នឹងក្លាយជាតំបន់នៃការផ្លាស់ប្ដូរសេដ្ឋកិច្ច។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ខ្ញុំបានចេញនូវសេចក្ដីសម្រេច តាមរយៈការស្នើរបស់នាយឧត្ដមសេនីយ៍ សៅ សុខា និងការស្នើរបស់ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង បានសេចក្ដីថា យើងត្រូវបង្កកដីនៅទីនេះ ចំនួន១,១៧៦ហិកតា ដើម្បីត្រៀមបម្រុងទុក ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់រោងចក្រ»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ថ្ងៃក្រោយតំបន់ប្រវត្តិសាស្រ្ត X16 នេះ នឹងក្លាយជាតំបន់ផ្លាស់ប្ដូរទំនិញដ៏ល្អ អ្នកដែលផលិតនៅតំបន់នេះ អាចចុះទៅកំពង់ផែ «គីយើត» និងកំពង់ផែ «ហូជីមិញ» ហើយតំបន់នេះ អាចទៅជាតំបន់កែច្នៃ ព្រោះថា កសិផល និងវត្ថធាតុដើមរបស់កម្ពុជា មានចំនួនច្រើន នៅតំបន់ឦសានខេត្តក្រចេះ ដែលតភ្ជាប់ជាមួយនឹងតំបន់នេះ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យចាប់ផ្ដើមពង្រីកផ្លូវខ្នល់ នៅក្នុងឆ្នាំ២០២២-២០២៣ ដើម្បីដាក់បញ្ចូលទៅក្នុងថវិកា ហើយពង្រីកតភ្ជាប់ និងរក្សាដីជាង១ពាន់ហិកតានេះ គ្រប់គ្រងឲ្យបានល្អ ដើម្បីទាក់ទាញវិនិយោគិន ចូលមកធ្វើជាតំបន់សេដ្ឋកិច្ចពិសេស។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ថ្ងៃនេះ គេមិនទាន់ចាប់អារម្មណ៍ ប៉ុន្ដែថ្ងៃក្រោយគេចាប់អារម្មណ៍ ដូច្នេះត្រូវរៀបចំ បណ្ដាញទឹក បណ្ដាញភ្លើង ទូរស័ព្ទ និងផ្នែកសេវា ដើម្បីទ្រទ្រង់ ឲ្យការអភិវឌ្ឍន៍នៅក្នុងតំបន់នេះ ក្លាយទៅជាតំបន់តភ្ជាប់។
សូមរំលឹកថា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ គឺជារយៈពេល៤៥ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូប បានរួមគ្នាយកជីវិតធ្វើជាដើមទុន ចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ខ្មែរ ប៉ុល ពត និងបក្ខពួក។
កម្ពុជា និងវៀតណាមរួមគ្នាប្រារព្ធពិធីដ៏មហោឡារិក ដើម្បីអបអរសាទរ និងរំលឹកដល់ដំណើរតស៊ូដ៏អង់អាចក្លាហានក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជាកាលពី ៤៥ឆ្នាំមុននេះ។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម នៅព្រំដែនកម្ពុជា និងវៀតណាម តំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំងសម្តេចតេជោ និងយុទ្ធមិត្ត បានឆ្លងទៅកាន់ប្រទេសវៀតណាមទាំងកណ្តាលអាធ្រាត្រកាលពី ៤៥ឆ្នាំមុននោះ៕