(ត្បូងឃ្មុំ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ចំពោះមុខប្រជាជនកម្ពុជា និងមេដឹកនាំវៀតណាម ពិសេសអ្នកដែលចោទប្រកាន់លើសម្ដេចយ៉ាងដូច្នេះថា សម្ដេចគ្មានសិទ្ធិប្រគល់ដីឱ្យវៀតណាមសូម្បី១មីលីម៉ែត្រ ហើយក៏មិនចង់បានដីវៀតណាមសូម្បី១មីលីម៉ែត្រដែរ សូមឱ្យតែដោះស្រាយឱ្យបានត្រឹមត្រូវតាមផែនទីសម័យអាណានិគមបារាំងទៅបានហើយ។
ក្នុងពិធីរំលឹកដល់ដំណើរតស៊ូដ៏អង់អាចក្លាហានក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជាកាលពី៤៥ឆ្នាំ នៅព្រំដែនកម្ពុជា-វៀតណាម តំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាមានសុខសន្តិភាពរយៈពេល៤៣ឆ្នាំហើយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងនោះភាគីកម្ពុជាបានធ្វើកិច្ចការដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម ដែលភាគីទាំងពីរបានចុះហត្ថលេខាទទួលយក៨៤ភាគរយនៃខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ហើយត្រូវបានបោះបង្គោលរួចរាល់។ នៅសល់១៦ភាគរយទៀត ភាគីទាំងពីរក៏កំពុងចរចាដោះស្រាយបញ្ហាជាមួយគ្នាផងដែរ ក្នុងនោះ៦ភាគរយកំពុងជជែកគ្នាបន្ត។
សម្ដេចតេជោបានបន្តថា មុនឈានដល់ការចុះហត្ថលេខាទទួល៨៤ភាគរយនេះ គឺមានការចរចា និងចុះហត្ថលេខាជាច្រើនដំណាក់កាល ពោលគឺអស់រយៈពេលជាង៤០ឆ្នាំមកហើយ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅអ្នកដែលបានចោទប្រកាន់មកលើសម្ដេចទៀតថា ប្រសិនបើសម្ដេចចង់ប្រគល់ដីខ្មែរឱ្យវៀតណាម មិនចាំបាច់ចរចាជជែកជាមួយវៀតណាមដល់ទៅជាង៤០ឆ្នាំនេះឡើយ។ សម្រេចបានហៅការចោទប្រកាន់ទាំងនោះថាជារឿងអយុត្តិធម៌បំផុតមកសម្ដេច និងថ្នាក់ដឹកនាំផ្សេងទៀតដែលបាននិងកំពុងខិតខំចរចាយ៉ាងលំបាក ទម្រាំរកបានភាពត្រឹមត្រូវចំពោះបញ្ហាព្រំដែននេះ។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នពថា «ខ្ញុំសូមបញ្ជាក់នៅទីនេះចំពោះមុខប្រជាពលរដ្ឋកម្ពុជា ហើយបញ្ជាក់ជូនចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាម និងមេដឹកនាំវៀតណាមនៅទីនេះ ខ្ញុំគ្មានសិទ្ធិដើម្បីប្រគល់ដីឱ្យវៀតណាមសូម្បី១មីលីម៉ែត្រ ហើយខ្ញុំក៏មិនចង់បានទឹកដីវៀតណាមសូម្បី១មីលីម៉ែត្រ សូមឱ្យតែទៅតាមក្បូនខ្នាតដែលអាណានិគមបារាំងបានបន្សល់ទុកទៅបានហើយ [....] វៀតណាមក៏មិនត្រូវការយកដីយើង ឯយើងក៏មិនត្រូវការយកដីវៀតណាមដែរ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានសង្កត់ធ្ងន់ទៀតថា ការដោះស្រាយបញ្ហាទាំងឡាយនៅតាមខ្សែបន្ទាត់ព្រំដែន មិនត្រឹមតែជាមួយវៀតណាមនោះទេ ទោះបីជាមួយប្រទេសថៃ និងប្រទេសឡាវ ក៏កម្ពុជាប្រកាន់គោលជំហរដូច្នេះដែរ។
សម្ដេចតេជោបានបន្តទៀតថា ក្រោយពេលអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះនៅកម្ពុជា សម្ដេចតេជោបានដាក់ចេញនូវទិសដៅ២ ដើម្បីប្រែក្លាយបញ្ហាព្រំដែនទៅជាឱកាសនៃការអភិវឌ្ឍនិងការពារប្រជាជន ក្នុងនោះរួមមាន៖
គោលដៅទី១៖ ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឱ្យទៅជាតំបន់អភិវឌ្ឍន៍ ឬជាទីផ្សារ ដែលនេះជាគោលដៅដែលបាននិងកំពុងសម្រេច។ បច្ចុប្បន្ន តំបន់អតីតសមរភូមិទាំងអស់នោះគ្មានមីន និងការប្រយុទ្ធគ្នាទៀតទេ។
គោលដៅទី២៖ ប្រែក្លាយខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ប្រសិនបើជាប់ជាមួយវៀតណាម តំបន់ដែលគេធ្លាប់ដាក់កាំភ្លើងធំបាញ់ផ្លោងទៅវិញទៅមកនោះ បច្ចុប្បន្ននេះបានក្លាយទៅជាតំបន់រោងចក្រ សហគ្រាស សណ្ឋាគារ និងមានការផ្លាស់ប្ដូរទំនិញទៅវិញទៅមកយ៉ាងមមាញឹក ដែលមានទំហំជាង៥ពាន់លានដុល្លារគិតត្រឹម៥ខែដើមឆ្នាំ២០២២ ខណៈនៅឆ្នាំ២០២១សម្រេចបានទំហំពាណិជ្ជកម្មជាង៩ពាន់លានដុល្លារ និងរំពឹងឡើងទៅដល់ជាង១០ពាន់លានដុល្លារនៅឆ្នាំ២០២២នេះ។
តួយ៉ាង នៅតំបន់ត្រពាំងថ្មិ ឬតំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគម្រោងជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ រៀបចំបង្កើតទៅជាច្រកព្រំដែនអន្តរជាតិមួយទៀតផងដែរ៕