(ត្បូងឃ្មុំ)៖ ថ្លែងក្នុងពិធីអបអរសាទរខួប៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកជីវិតធ្វើដើមទុន រំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបញ្ចប់សង្គ្រាមទាំងស្រុង បានរំលឹកពីពេលវេលាកាលពី៤៥ឆ្នាំមុន ក្នុងពេលសម្តេចសម្រេចចិត្តឆ្លងចូលប្រទេសវៀតណាម ដើម្បីរៀបចំការតស៊ូរំដោះជាតិ។
សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរចំនួនពីរ ដើម្បីពន្យល់ទៅកាន់មិត្តបរទេស ក៏ដូចជាប្រជាជនកម្ពុជា ជុំវិញការធ្វើសកម្មភាពរបស់សម្តេច កាលពី៤៥ឆ្នាំនោះ ដែលសំណួរទី១ បើពេលនោះសម្តេចមិនធ្វើសម្មភាព ចូលប្រទេសវៀតណាម ដើម្បីរៀបចំការតស៊ូ តើកម្ពុជានឹងទៅជាយ៉ាងណា? សម្តេចបញ្ជាក់ថា ច្បាស់ណាស់ពេលនោះ សម្តេចនឹងត្រូវស្លាប់ ហើយប៉ុល ពត នឹងបន្តកាប់សម្លាប់ប្រជាជនតទៅទៀត ឬមានករណីផ្សេងៗ ដែលអាចកើតឡើងមកលើកម្ពុជា។ ចំពោះសំណួរទី២ តើបើសិនសម្តេចធ្វើសកម្មភាព តើទៅជាយ៉ាងណា? ត្រង់សំណួរនេះ សម្តេចតេជោ បានបញ្ជាក់ថា ចម្លើយគឺថ្ងៃនេះ បានបង្ហាញយ៉ាងច្បាស់។ កម្ពុជាបានផ្តួលរំលំរបប ប៉ុល ពត និងឆ្លងកាត់ដំណាក់កាលជាច្រើន ដោយបញ្ចប់សង្គ្រាមទាំងស្រុង រហូតក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកផងដែរថា កាលពី៤៥ឆ្នាំ ក្នុងកាលៈទេសៈពេលនោះ សម្តេចមានជម្រើសចំនួន៤ សម្រាប់ជ្រើសរើស ប៉ុន្តែទីបំផុតសម្តេចជ្រើសរើសជម្រើសទី២។
ជម្រើសទី១ គឺប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដែលសម្តេចគ្រប់គ្រងមួយកងវរសេនាធំ ប្រមាណ១៥០០នាក់ ដើម្បីវាយប្រហារកាន់កាប់នៅស្រុកមេមត់ ស្រុកស្នួល និងតំបន់ជិតខាងផ្សេងទៀត។ ប៉ុន្តែសម្តេចគិតថា ការធ្វើបែបនេះជាការប្រថុយប្រថាន ដែលអាចប៉ាន់ស្មានបានថា ក្នុងរង្វង់១សប្តាហ៍ ឬកន្លះខែកងទ័ពនេះ នឹងត្រូវស្លាប់ក្នុងថ្លុកឈាម។ ជម្រើសទី២ គឺសម្តេចត្រូវឆ្លងកាត់ទៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីរៀបចំការតស៊ូជាថ្មី។ ជម្រើសទី៣ គឺមិនធ្វើអ្វីទាំងអស់ ទុកឲ្យ ប៉ុល ពត ចាប់យកទៅសម្លាប់ដូចអ្នកដទៃទៀត និងជម្រើសទី៤ គឺការធ្វើអត្តឃាតខ្លួនឯងទេម្តង។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ទីចុងបំផុតខ្ញុំសម្រេច និងជ្រើសរើសយកជម្រើសទី២ គឺឆ្លងកាត់ទៅប្រទេសវៀតណាម ដើម្បីរៀបចំការតស៊ូ សាជាថ្មីឡើងវិញ ព្រោះបញ្ហានេះមិនមែនជាបញ្ហាថ្មីថ្មោង របស់កម្ពុជាទេ ក្រោយរដ្ឋប្រហារ ១៩៧០សម្តេចព្រះនរោត្តម សីហនុ ក៏ធ្លាប់បានពឹងពាក់ចំពោះចិន ចំពោះវៀតណាម ដើម្បីរំដោះប្រទេសចេញពីរបប លន់ នល់ ផងដែរ [...] បើទោះបីជាជម្រើសនេះ ជាជម្រើសដែលត្រូវបានជ្រើសរើស ប៉ុន្តែវាមានការលំបាកណាស់ ការចាកចោលពីមាតុភូមិ ចោលប្រពន្ធដែលមានផ្ទៃពោះ ៥ខែ មិនមែនជារឿងលែងសើចសម្រាប់យុវជនម្នាក់ ដែលមានវ័យត្រឹមតែ២៥ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែការឈរឱបដៃមើល ឬក៏ទុកឲ្យពួក ប៉ុល ពត សម្លាប់ ឬក៏ធ្វើអត្តឃាតមិនមែនជម្រើសល្អនោះទេ ទោះបីជាក្តីសង្ឃឹមត្រឹមតែ១ភាគរយ ឬតិចជាងនោះក៏ខ្ញុំត្រូវតែធ្វើសកម្មភាពនោះពេលនេះ»។
ពេលថ្លែងរំលឹកពីអតីតកាល នៃការតស៊ូកាលពី៤៥ ឆ្នាំមុន ចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយរំដោះកម្ពុជា ចេញពីរបបអាវខ្មៅ ប៉ុល ពត សម្តេចតេជោ ហ៊ុន សែន បានស្រក់ទឹកភ្នែកផងដែរ។ សម្តេចតេជោបញ្ជាក់ថា ឲ្យតែរំលឹកដល់ការតស៊ូនោះពេល មានតែការឈឺចាប់ប៉ុណ្ណោះ ដោយទឹកភ្នែករបស់សម្តេចរាប់ម៉ឺនលានតំណក់តែងតែហូរ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា រឿងដែលពិបាកបំផុត គឺការសរសេរសំបុត្រ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ ន ដែលកំពុងពរពោះ៥ខែ ដោយសារតែសម្តេចមិនអាចបង្ហាញទីតាំងរបស់ខ្លួន។
តាមរយៈការយកជីវិតធ្វើដើមទុន ដើម្បីតស៊ូរបស់ជាតិរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជាសព្វថ្ងៃនេះ មានសុខសន្តិភាពពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ សេដ្ឋកិច្ចបន្តរីកចម្រើន ចំណូលរបស់ប្រជាជន មានការកើនឡើងជាលំដាប់៕