(ភ្នំពេញ)៖ ក្រុមចោរប្លន់ប្រដាប់អាវុធប្រើដាវសាំម៉ូរ៉ៃ កាំបិតប៉័ងតោ ក្នុងភូមិសាស្រ្តនៅពេលរាត្រីជាពិសេសនៅព្រឹកទាបភ្លឺ ចំនួន១៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនជាបន្តបន្ទាប់ ព្រមទាំងដកហូតម៉ូតូចំនួន៦គ្រឿង សម្ភារ និងស្លាកលេខម៉ូតូមួយចំនួនទៀត។
ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ខាងលើនេះ បានធ្វើឡើងចាប់ពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី២០ ខែឧសភា ក្រោមបញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ។
នៅរសៀលថ្ងៃនេះ ជនសង្ស័យទាំង១៣នាក់ ត្រូវបង្ហាញមុខជាសារធាណៈ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ មុនបញ្ជូនឡើងតុលាការដើម្បីបន្តការសួរនាំ និងចាត់វិធានការតាមនីតិវិធី។ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោក អេង សោភា បានប្រាប់អ្នកកាសែតថា ជនសង្ស័យទាំងនេះមានទាំងសិស្សផងនោះ តែងតែធ្វើសកម្មភាពប្លន់យកម៉ូតូពីប្រជាពលរដ្ឋ នៅពេលរាត្រី និងព្រឹកទាបភ្លឺ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ភាគច្រើននៅខណ្ឌចំការមន និងខណ្ឌមានជ័យ។
លោកថា ក្រោយមានករណីប្លន់ជាបន្តបន្ទាប់យ៉ាងដូច្នេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងនគរបាល ជំនាញបើកការស្រាវជ្រាវ រហូតតាមចាប់ជាបន្តបន្ទាប់តាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ព្រមទាំងដកហូតម៉ូតូចំនួន៦គ្រឿង និងសម្ភារមួយចំនួនទៀត។ សម្រាប់ម៉ូតូដែលសមត្ថកិច្ចរឹបអូសបាននោះ ប្រជាពលរដ្ឋដែលធ្លាប់ត្រូវបានក្រុមនេះ ប្លន់អាចយកឯកសារពាក់ព័ន្ធ មកបង្ហាញនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ គោលបំណងយកម៉ូតូរបស់ខ្លួនត្រឡប់ទៅវិញ៕