Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រួសារអ្នកដំណើរនៅលើយន្តហោះ EgyptAir កំពុងរង់ចាំព័ត៌មានដោយអន្ទះសារ ខណៈយន្តហោះ​មិន​ដឹង​​បាត់ទៅណា

20-05-2016 14:55

(អេហ្ស៊ីប)៖ គិតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា យន្តហោះ EgyptAir ជើងហោះហើរ Flight 804 បានធ្លាក់ក្នុងសមុទ្រ ឬបាត់ទៅណាឲ្យប្រាកដនោះទេ ប៉ុន្តែក្រុមគ្រួសារនៃអ្នកដំណើរទាំង ៦៦នាក់នៅលើយន្តហោះវិញ ​បាននិងកំពុងរងចាំដំណឹងដោយអន្ទះសារបំផុត។

នៅល្ងាចថ្ងៃទី១៩ ខែឧសភាម្សិលមិញនេះ ក្រុមហ៊ុន EgyptAir និងរដ្ឋាភិបាលអេហ្ស៊ីប បានប្រកាសថា យន្តហោះ Airbus 320 ជើងហោះហើរ Flight 804 បានធ្លាក់ក្នុងសមុទ្រម៉េឌីទែរ៉ាណេ ក្បែរកោះមួយរបស់​ប្រទេសក្រិច ព្រមទាំង​បានរកឃើញកម្ទេចមួយចំនួន និងបានប្រកាសថា នោះជាកម្ទេចរបស់យន្តហោះ EgyptAir ប៉ុន្តែនៅព្រឹកថ្ងៃនេះ ត្រូវ​បាន​​​ប្រទេសក្រិចច្រានចោលថា មិនមែនជារបស់ យន្តហោះដែលកំពុងបាត់ខ្លួននោះឡើយ។

ពាក់ព័ន្ធនឹងករណីនេះ មន្រ្តីជំនាញរបស់សហរដ្ឋអាមេរិកបានសន្និដ្ឋាន និងសង្ស័យថា យន្តហោះខាងលើនេះ ត្រូវបានដាក់បង្កៃគ្រាប់បែកឲ្យផ្ទុះនៅលើអាកាស បន្ទាប់ពីវាបានហោះចេញពីទីក្រុងប៉ារីសប្រទេសបារាំង ឆ្ពោះទៅកាន់រដ្ឋធានីគែររបស់អេហ្ស៊ីប ព្រោះប្រទេសទាំងពីរកំពុងតែប្រឈម​មុខនឹងអំពើភេរវកម្ម។

អ្នកនាំពាក្យអាកាសចរណ៍អេហ្ស៊ីប បានប្រាប់ CNN នៅថ្ងៃសុក្រនេះថា «យើងសូមបញ្ជាក់ថា បំណែកដែលត្រូវបានរកឃើញនោះ មិនមែនជារបស់ យន្តហោះដែលកំពុងបាត់ដំណឹងនោះឡើយ ដូច្នេះការរុករកនៅតែកំពុងបន្ត។ អាកាសចរណ៍ EgyptAir មិនបានចូលរួមក្នុង ប្រតិបត្តិរុករកនោះឡើយ ដោយយើងរង់ចាំទទួលព័ត៌មានពីអាជ្ញាធរក្រិក និងយោធាអេហ្ស៊ីប»។

គួរបញ្ជាក់ផងដែរថា យន្តហោះ EgyptAir ជើងហោះហើរ Flight 804 បានបាត់ពីរ៉ាដា ខណៈហោះចេញពីអាកាសយានដ្ឋាន Charles de Gaulle ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅម៉ោង ២៣៖០៩នាទី ទៅកាន់អាកាសយាន​ដ្ឋាន Cairo Airport ទីក្រុងគែ ប្រទេសអេហ្ស៊ីប ដោយផ្ទុកមនុស្ស ៦៦នាក់ ក្នុងនោះមានសហនាវិក ១០នាក់ ហើយត្រូវបានក្រុមហ៊ុន និងរដ្ឋាភិបាលអេហ្ស៊ីបបញ្ជាក់ថថា បានធ្លាក់នៅក្នុងសមុទ្រ៕