(ព្រៃវែង)៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់អ្នកសង្កេតការណ៍ជាតិ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ថ្លែងនៅក្នុងឱកាសនោះ លោក ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស និយាយជារួម និងដោយឡែកខេត្តព្រៃវែង ដែលបានស្ម័គ្រចិត្តចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ។
លោក ស សុខា បានគូសបញ្ជាក់ថា ការស្ម័គ្រចិត្តជាអ្នកសង្កេតការណ៍បោះឆ្នោតរបស់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែង ក៏ដូចជា ស.ស.យ.ក. ទូទាំងប្រទេស គឺជាការលះបង់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាដ៏មានតម្លៃ ក្នុងការរួមចំណែកធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែប្រសើរថែមទៀត និងជាការហាត់រៀនបន្ថែមនូវបទពិសោធន៍ ដើម្បីក្លាយជាទំពាំងស្នងឫស្សី ដ៏រឹងមាំរបស់ប្រទេសជាតិ។
លោក ស សុខា ក៏បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ស.ស.យ.ក. រាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ក្រុមការងារចុះជួយ ដែលបានរៀបចំ ចាត់ចែង និងឧបត្ថម្ភដល់សមាជិក សមាជិកា ស.ស.យ.ក. ជាអ្នកសង្កេតការណ៍ទាំងអស់ ធ្វើអោយដំណើរការនៃការចូលរួមសង្កេតការណ៍បោះឆ្នោតរបស់សមាជិក សមាជិកាយើង អនុវត្តការងារទៅដោយរលូន និងជោគជ័យ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំណត់៕