(ភ្នំពេញ)៖ ក្នុងវេទិកាពិភាក្សាតុមូល ខួបលើកទី៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមអ្នកជំនាញបានជំរុញឲ្យកូនខ្មែរសិក្សាពីប្រវត្តិសាស្ត្រខ្លួនឯងឲ្យបានច្បាស់ និងរួមគ្នាទប់ស្កាត់កុំឲ្យមានប្រវត្តិសាស្ត្រច្រំដែល ជាពិសេសគឺរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅមួយនេះ។
អ្នកជំនាញផ្នែកព័ត៌មាន អ្នកជំនាញផ្នែកស្រាវជ្រាវ និងយុវជន និងអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ សុទ្ធតែបានឲ្យតម្លៃនៃសន្តិភាព ដោយពួកគាត់ចាត់ទុកថា សន្តិភាពជាគ្រឹះនៃការអភិវឌ្ឍ ខណៈដែលសង្គ្រាមជាបញ្ហាដែលមនុស្សគ្រប់ជំនាន់ត្រូវចៀសវាង ព្រោះពេលមានសង្គ្រាម សិទ្ធិមនុស្ស និងការអភិវឌ្ឍមិនមានឡើយ។ នេះក៏ដោយសារក្រុមអ្នកជំនាញយល់ឃើញថា កាលពី ៤៥ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន កាលនៅជាយុទ្ធជន និងសមមិត្តទាំង ៤នាក់ បានយកជីវិតធ្វើជាដើមទុន ទៅប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយមករំដោះប្រទេស ពីរបបខ្មែរក្រហម។
ក្នុងវេទិកាពិភាក្សាតុមូលនេះ លោក ពុយ គា អ្នកឆ្លើយឆ្លងទីភ្នាក់ងារព័ត៌មាន ក្យូដូ ជប៉ុន ប្រចាំកម្ពុជា ដែលជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយផងនោះ បានថ្លែងថា អ្នកដែលចេះប្រវត្តិសាស្ត្រច្បាស់លាស់ គឺអាចទប់ស្កាត់មិនឲ្យប្រវត្តិសាស្ត្រអាក្រក់កើតឡើងម្តងទៀតបាន។ ហេតុនេះហើយ លោកបានជំរុញឲ្យកូនខ្មែររៀនប្រវត្តិសាស្ត្រឲ្យបានច្បាស់លាស់ ដើម្បីទទួលបានការផ្តល់តម្លៃពីមជ្ឈដ្ឋានជុំវិញ និងមានគំនិតសន្តិភាពនិយម។
លោក ពុយ គា ក៏បានប្រាប់អ្នកជំនាន់ក្រោយ ឲ្យរៀនសូត្រពីអ្នកជំនាន់មុន ដោយសារមនុស្សគ្រប់ជំនាន់ មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។
លោកបញ្ជាក់យ៉ាងដូច្នេះថា «អ្នកដែលចេះប្រវត្តិសាស្ត្រ អ្នកដែលចេះរឿងរ៉ាវនេះហើយ ដែលធ្វើឲ្យការជជែក ការពិភាក្សា គេឲ្យតម្លៃ។ អញ្ចឹងហើយបានជានៅក្នុងបរិបទនេះ យុវជនសម័យនេះ និងយុវជនជំនាន់មុន មិនអាចកាត់ផ្តាច់គ្នាបានទេ មានន័យថា យុវជនគាត់ចេះសម័យនេះចេះបច្ចេកវិទ្យា ប៉ុន្តែបទពិសោធន៍គាត់មិនអាចដឹងដូចចាស់ៗ ឆ្លងកាត់ផ្ទាល់ទេ»។
ស្របពេលជាមួយគ្នានេះ លោក ប៉ែន បុណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងដែរថា «របប ៣ឆ្នាំ៨ខែ២០ថ្ងៃ ចាត់ទុកថា ជារបត់ប្រវត្តិសាស្ត្រសំខាន់បំផុត នៅកម្ពុជាយើង ដែលជាការរអិលធ្លាក់ចូលទៅក្នុងជ្រោះមរណៈ ឬយើងហៅថា ជាស្ថាននរកលោកីយ៍។ នេះជាអ្វីមួយ ដែលយើងត្រូវចង់ចាំ។ បន្ទាប់មក យើងសិក្សាឲ្យច្បាស់ថា ធ្វើយ៉ាងម៉េចដើម្បីទាញប្រទេសយើង ឲ្យចេញពីនរកលោកកីយ៍វិញ។ បន្ទាប់មកទៀត ការសិក្សាចងចាំអំពីប្រវតិ្តសាស្ត្រ គឺជារឿងមួយសំខាន់ខ្លាំងណាស់ ព្រោះថាជារឿងមួយ ដែលថាបើយើងគ្រប់គ្នាភ្លេចប្រវត្តិសាស្ត្រ យើងច្រឡំប្រវត្តិសាស្ត្រ យើងអាចធ្វើឲ្យប្រវត្តិសាស្ត្រច្រំដែល»។
អ្នកសារព័ត៌មានជើងចាស់រូបនេះ បានលើកឡើងដែរថា បើសិនជាប្រទេសធ្លាក់ទៅក្នុងសង្គ្រាម ដូចអតីតកាលនោះ មិនងាយនឹងមានប្រទេសណាលូកដៃជួយនោះទេ មានន័យថា មានតែខ្មែរគ្នាឯងទេ ដែលលះបង់ដើម្បីខ្មែរ ដូចសម្តេចតេជោ ហ៊ុន សែន ជាឧទាហរណ៍ស្រាប់។ លោកបន្ថែមថា នៅក្នុងទំនាក់ទំនងអន្តរជាតិ មានតែផលប្រយោជន៍ប៉ុណ្ណោះ។
លោក ប៉ែន បុណា បានបញ្ជាក់យ៉ាងដូច្នេះថា «គ្មានអ្នកណា ឈឺឆ្អាលខ្មែរយើង ជាងខ្មែរយើងឈឺឆ្អាលខ្លួន ឯងទេ»។
បន្ថែមលើនេះ លោក នួន ផារ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានបង្ហាញទស្សនៈថា គុណតម្លៃនៃសន្តិភាព មានអត្ថន័យធំធេងមិនអាចបរិយាយបានឡើយ។ អ្នកស្រាវជ្រាវរូបនេះ បន្តថា ពេលនិយាយពីសន្តិភាពមានរឿង ២យ៉ាង គឺប្រទេសមួយនឹងធ្លាក់ចុះ ពេលបាត់សន្តិភាព តែប្រទេសមួយនោះអាចរុងរឿង និងអភិវឌ្ឍបាន បើមានសន្តិភាព។
«ពាក្យថាសន្តិភាព ជាពាក្យដែលមានអត្ថន័យជ្រាលជ្រៅណាស់ ហេតុដូច្នេះយុវជនយើងគួរតែស្វែងយល់បន្ថែម»។ នេះបើតាមលោក នួន ផារ័ត្ន។
ចំណែកឯ លោកបណ្ឌិត ឌៀប សុផល សាស្ត្រាចារ្យប្រវត្តិសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យតម្លៃខ្លាំងទៅលើលទ្ធិប្រជាធិបតេយ្យ ដូចដែលរាជរដ្ឋាភិបាលរាល់ថ្ងៃប្រកាន់យកមកកនេះ។ លោកមើលឃើញថា ប្រទេសយើងដែលធ្លាក់ចុះនៅសម័យមុន ដោយសារសង្គ្រាម ហើយក្រោយចប់សង្គ្រាម ប្រទេសយើងបានប្រកាន់យករបបដឹកនាំមួយយ៉ាងត្រឹមត្រូវ។
លោកបានជំរុញឲ្យមនុស្សមានមនសិការជាតិ និងឲ្យតម្លៃលើធនធានមនុស្ស ដើម្បីបន្តទ្រទ្រង់លទ្ធិប្រជាធិបតេយ្យ និងគេចចេញពីសង្គ្រាម។ អ្នកជំនាញរូបនេះ ក៏បានរិះគន់ដល់បុគ្គលមួយចំនួន ដែលបង្ករឿងអនាធិបតេយ្យ អំឡុងពេលជាតិមានសន្តិភាពបែបនេះ។
លោកបញ្ជាក់ថា «បទពិសោធន៍របស់យើង ដែលធ្លាក់ទៅក្នុងភាពសោកនាដកម្ម គឺយើងប្រកាន់យករបបផ្តាច់ការ។ ហេតុដូច្នេះ ពីថ្ងៃនេះទៅមុខមានតែលទ្ធិប្រជាធិបតេយ្យទេ ដែលល្អ។ យើងត្រូវតែលើកកម្ពស់ធនធានជាតិ។ ធនធានជាតិនេះហើយ ដែលបម្រើឲ្យលទ្ធិប្រជាធិបតេយ្យ មិនមែនអានាធិបតេយ្យ»។
សូមជម្រាបថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ស្អែកនេះ គឺជារយៈពេល ៤៥ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូប បានរួមគ្នាយកជីវិតធ្វើជាដើមទុនចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ខ្មែរ ប៉ុល ពត និងបក្ខពួក។
នៅឆ្នាំ២០២២នេះដែរ កម្ពុជា និងវៀតណាមរួមគ្នាប្រារព្ធពិធីដ៏មហោឡារិក ដើម្បីអបអរសាទរ និងរំលឹកដល់ដំណើរតស៊ូដ៏អង់អាចក្លាហានក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជាកាលពី ៤៥ឆ្នាំមុននេះ ដែលនឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម នៅព្រំដែនកម្ពុជា និងវៀតណាម តំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំងសម្តេចតេជោ និងយុទ្ធមិត្ត បានឆ្លងទៅកាន់ប្រទេសវៀតណាមទាំងកណ្តាលអាធ្រាត្រកាលពី ៤៥ឆ្នាំមុននោះ៕