(ភ្នំពេញ)៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌកំបូលខណៈចេញល្បាតបានប្រទះឃើញយុវជន២នាក់ កំពុងឈរតាមផ្លូវគួរសង្ស័យ ក៏បានធ្វើការចាប់ខ្លួនរួចបាននាំទៅធ្វើការសាកសួរភ្លាមៗ។
ពេលនោះ ជនសង្ស័យបានសារភាពថា ពួកខ្លួនរួមជាមួយបក្សពួម្នាក់ទៀតសរុបមានគ្នា៣នាក់ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទ១គ្រឿងពីស្រ្តីម្នាក់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល៦៖៣០នាទីល្ងាច។
យោងតាមរបាយការណ៍របស់នគរបាលខណ្ឌកំបូល បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នោះទី១៖ ឈ្មោះ ហ៊ុន ហុង អាយុ១៨ឆ្នាំ ទី២៖ ឈ្មោះ ម៉ូវ ធារ៉ា អាយុ១៩ឆ្នាំ ទី៣៖ ឈ្មោះ ហ៊ុន ហេង អាយុ១៩ឆ្នាំ។ ពួកគេទាំង៣នាក់សុទ្ធតែមានសារធាតុញៀនក្នុងខ្លួន ហើយមានទីលំនៅផ្ទះគ្មានលេខ ស្ថិតនៅតាមផ្លូវលំ ភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល។
របាយការណ៍ដដែល បានបញ្ជាក់ថា ក្រុមជនសង្ស័យបានឆក់ទូរស័ព្ទពីស្រ្តីម្នាក់មិនស្គាល់អត្តសញ្ញា នៅតាមផ្លូវជាតិលេច៤ ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតេលា ស្ថិតនៅក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីវេលាម៉ោងប្រហែល៦៖៣០នាទីល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់មកបានគេចខ្លួនបាត់ស្រមោល ចំណែកឯស្រ្តីរងគ្រោះ ពុំបានដាក់ពាក្យបណ្ដឹងទេ លុះក្រោយពេលកើតហេតុស្រ្តីរូបនោះ ក៏បានចាកចេញពីកន្លែងកើតហេតុទៅបាត់តែផងដែរ។
ប្រភពដដែលបានបន្តថា រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នគរបាលខណ្ឌកំបូល បានចុះល្បាត ហើយបានប្រទះឃើញជនសង្ស័យ២នាក់គឺឈ្មោះ ហ៊ុន ហុង និងឈ្មោះ ម៉ូវ ធារ៉ា កំពុងឈរលេងនៅមុខផ្ទះនៅត្រង់ចំណុចភូមិត្មាតពង សង្កាត់បឹងធំ។ ពេលនោះដោយមានការសង្ស័យ ក៏បាននាំខ្លួនទៅធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក។ ប៉ុន្តែនគរបាលពុំបានចម្លើយសារភាពពីជនទាំង២នាក់ភ្លាមៗឡើយ។
រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២២ ទើបជនសង្ស័យទាំង២នាក់នេះសារភាពថា ពួកគេទាំង២នាក់រួមជាមួយបក្សពួកម្នាក់ទៀតឈ្មោះ ហ៊ុន ហេង បានសកម្មភាពឆក់ទូរស័ព្ទពីស្រ្តីម្នាក់ ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតេលា ស្ថិតនៅក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូលកាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា។
បន្ទាប់មកនគរបាលក៏បានបន្តទៅឃាត់ខ្លួនឈ្មោះ ហ៊ុន ហេង នៅចំណុចភូមិត្មាតពង សង្កាត់បឹងធំ រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់៕