(ភ្នំពេញ)៖ និស្សិតឆ្នើមមួយរូបរបស់កម្ពុជា គឺកញ្ញា អន ម៉ូនីតា កំពុងទទួលការកោតស្ងប់ស្ងែងក្រៃលែងជាមួយនឹងសមត្ថភាពលេចធ្លោក្នុងវិស័យសិក្សា ដោយមកដល់ពេលនេះកញ្ញាទទួលបានសញ្ញាបត្រនិទ្ទេស A ព្រមទាំងទទួលបានមេដាយ និងពានរង្វាន់ពីការប្រកួតប្រជែងមិនតិចជាង៧០ច្បាប់នោះឡើយ។ កញ្ញាក៏មានស្នាដៃឆ្នើមក្នុងវិស័យកីឡា និងកិច្ចការសង្គមធម៌ជាច្រើនផងដែរ។
មោទនភាពនេះគឺជាការចូលរួមលើកកម្ពស់កិត្យានុភាពជាតិកម្ពុជា តាមរយៈការខិតខំអភិវឌ្ឍសមត្ថភាពឱ្យលេចធ្លោឡើងក្នុងចំណោមនិស្សិតអន្តរជាតិ ព្រមទាំងមជ្ឈដ្ឋានអន្តរជាតិខ្លះដែលបានដឹងបានឮពីសមត្ថភាពឆ្នើមរបស់កញ្ញា អន ម៉ូនីតា ដែលតែងនិយាយប្រាប់គេថាជនជាតិខ្មែរពេញៗមាត់។
កញ្ញា អន ម៉ូនីតា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះថា កញ្ញាធ្លាប់ទទួលបានអាហារូបករណ៍ពីមហាវិទ្យាល័យជាច្រើនកន្លែង ទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។
បច្ចុប្បន្ន កញ្ញាកំពុងតែសិក្សានៅសាកលវិទ្យាល័យ គ្រប់គ្រងអាជីវកម្ម និងសណ្ឋាគារ (Business & Hotel Management) ជំនាញ Specialist Hospitality Management ដែលស្ថិតនៅទីក្រុង Luzern ប្រទេសស្វីស ជាប្រទេសដែលមានថ្លៃសិក្សាថ្លៃជាងគេ និងមានសន្តិភាពជាងគេនៅលើពិភពលោក។
និស្សិតខ្មែរដ៏ឆ្នើមរូបនេះបានបន្តថា ទាំងការសិក្សាក្នុងប្រទេសនិងក្រៅប្រទេស កញ្ញាតែងទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំសាលា ពោលគឺបាននិទ្ទេស A គ្រប់មុខវិជ្ជា។ ម្យ៉ាងវិញទៀត កញ្ញាក៏តែងតែចូលរួមប្រកួតប្រជែងនិងទទួលបានមេដាយ និងពានរង្វាន់ផ្នែកភាសាអង់គ្លេស គណិតវិទ្យា អក្សរសាស្រ្ត ព្រមទាំងទទួលបានសញ្ញបត្រលេខ១ខាងចរិយាសម្បត្តិល្អប្រសើរថែមទៀតផង។
កញ្ញា អន ម៉ូនីតា បានបញ្ជាក់ថា «មកដល់បច្ចុប្បន្ន កញ្ញាទទួលបានសញ្ញាបត្រឆ្នើម និងទទួលបានមេដាយនិងពានរង្វាន់សរុបជាង៧០ច្បាប់ហើយ»។
គួរជម្រាបថា មិនត្រឹមតែពូកែឈ្លាសវៃក្នុងវិស័យសិក្សាប៉ុណ្ណោះទេ យុវតី អន ម៉ូនីតា ក៏មានរូបសម្បត្តិស្រស់សោភា ចរិយារមទម សមជានារីខ្មែរ ហើយថែមទាំងមានគុណធម៌ សីលធម៌ សុជីវធម៌ល្អសមរម្យផងដែរ។ គិតត្រឹមឆ្នាំនេះ ម៉ូនីតាមានអាយុ២១ឆ្នាំហើយ ដែលនេះមិនងាយនឹងពើបប្រទះឡើយចំពោះនារីដែលនៅវ័យក្មេង ទាំងល្អ ទាំងពូកែ គួរជាទីមោទនៈសម្រាប់ប្រជាជាតិខ្មែរយើង។
ក្រៅពីភាពលេចធ្លោក្នុងវិស័យសិក្សា យុវតីឆ្នើមរបស់កម្ពុជារូបនេះក៏ប្រសប់នឹងវិស័យកីឡាផងដែរ។ ម៉ូនីតាជាជើងឯករត់ម៉ារ៉ាតុង (Marathon) ដែលប្រកួតប្រជែងជាមួយសាលាល្បីៗ ដូចជា ISPP, Logos, Northbridge, CIA ដោយទទួលបានជ័យលាភីលេខ១, ផ្នែកកីឡាការ៉ាតេ ម៉ូនីតាទទួលបានចំណាត់ថ្នាក់លេខ៣ និងទទួលបានមេដាយពីការប្រកួតកីឡាជាច្រើនទៀត ជាពិសេសបាញ់កាំភ្លើង ជិះសេះ ហែលទឹក ជ្រមុជទឹក វាយកូនបាល់លើតុ និងការប្រណាំងទូកជាដើម។
ទោះបីមមាញឹកនឹងការសិក្សានិងកីឡាយ៉ាងនេះក្ដី កញ្ញា អន ម៉ូនីតា ក៏តែងតែចុះធ្វើសកម្មភាពសង្គមធម៌យ៉ាងផុសផុលផងដែរ។ ដោយសារតែហេតុនេះហើយទើបកញ្ញា អន ម៉ូនីតា បានក្លាយជាយុវជនគំរូនិងទទួលបានពានរង្វាន់អ្នកបង្កើតសន្តិភាពកាលពីឆ្នាំ២០២០ (Peace award Maker 2020) ដែលជាពានរង្វាន់សន្តិភាពសម្រាប់ប្រយោជន៍អ្នកដទៃប្រកបដោយចីរភាពដល់ពិភពលោក។
កញ្ញា ម៉ូនីតា បានបន្ថែមថា មិនថារវល់យ៉ាងណា កញ្ញាតែងតែខិតខំអស់ពីកម្លាំងចិត្តជួយដល់កុមារក្រីក្រឱ្យទទួលបានចំណេះដឹង ជួយផ្ដល់ការអប់រំស្មារតីដល់អ្នកដទៃឱ្យដើរលើវិថីត្រឹមត្រូវប្រកបដោយគុណធម៌។ តាមរយៈកិច្ចការទាំងនេះហើយ កញ្ញា ម៉ូនីតា ក៏បានបង្កើតពាក្យស្លោកផ្ទាល់ខ្លួនមួយដែរថា «ប្រទេសជាតិមួយរីកចម្រើនបាន ចាំបាច់ត្រូវការមានធនធានមនុស្ស ប្រៀបដូចជាមនុស្សយើងអាចរស់នៅបាន ចាំបាច់ត្រូវការបច្ច័យ៤ គឺអាហារ ថ្នាំសង្កូវ ជម្រក និងសម្លៀកបំពាក់» ហើយតែងផ្សព្វផ្សាយពាក្យស្លោកនេះទៅកាន់មនុស្សម្នាជាច្រើន៕