(ព្រៃវែង)៖ កម្លាំងនគរបាលស្រុកបាភ្នំ ខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងករណីឃាតកម្មវាយសម្លាប់មិត្តភក្តិរបស់ខ្លួនកាលពីយប់មិញ។
ឧត្តមសេនីយ៍ត្រី ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង បានប្រាប់ Fresh News ថា មុនពេលកើតហេតុជនសង្ស័យ ឈ្មោះ កុយ ផល្លិត អាយុ២៦ឆ្នាំ ស្នាក់នៅភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង បានចេញពីរោងការនៅក្នុងភូមិធាយ ឃុំធាយ ស្រុកបាភ្នំ វេលាម៉ោងប្រហែល១២:០០យប់ ជាមួយជនរងគ្រោះឈ្មោះ ទុយ ញ៉ម ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅជាប់ផ្ទះជនសង្ស័យ។
ពេលនោះជនរងគ្រោះ ដើរបណ្ដើរជេគ្នាជាមួយជនសង្ស័យបណ្ដើរ លុះចំណុចកើតហេតុ ជនរងគ្រោះ បានវាយជនសង្ស័យមួយដៃចំចិញ្ចើម ស្រាប់តែជនសង្ស័យបានវាយជនរងគ្រោះនឹងព្រនង់ ដែលខ្លួនកាន់យកចេញពីវត្តធាយ៥ព្រនង់ ចំថ្គាម និងខ្ទង់ច្រមុះ បណ្តាលឲ្យដួលធ្លាក់ទៅជើងទារប្រឡាយតែម្តង។
លោកស្នងការបានបន្ដថា បន្ទាប់ពីមានករណីឃាតកម្មនេះកើតឡើង កម្លាំងនគរបាលរបស់លោក បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើ ដោយសមត្ថកិច្ចរកឃើញអាវរបស់ជនសង្ស័យមានប្រលាក់ឈាមផងដែរ។ បើតាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានវាយជនរងគ្រោះពិតប្រាកដមែន។ បច្ចប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕