(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អមដំណើរពីសំណាក់ លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ បានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅមូលដ្ឋានស្រុកចន្ទ្រា។
មន្ត្រីសាលាខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃម្សិលមិញនេះ លោកអភិបាលខេត្តស្វាយរៀង បានចុះពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍន៍របស់ខេត្តនៅស្រុកចន្ទ្រា និងរៀបចំធ្វើផ្លូវចាក់បេតុងប្រវែង៤០០០ម៉ែត្រ ចាប់ពីសង្កាត់ ព្រៃអង្គុញ ក្រុងបាវិត ដល់ឃុំព្រៃគគី ស្រកចន្ទ្រា។
បន្ថែមលើសពីនេះ គ្រោងរៀបចំធ្វើស្ពានថ្មី (ស្ពានតាអឹម) ស្ថិតនៅភូមិដីក្រហម ឃុំមេសថ្ងក ជាស្ពានបេតុងមានបណ្តោយប្រវែង២០ម៉ែត្រ ទទទឹង៨ម៉ែត្រ និងគ្រោងរៀបចំធ្វើផ្លូវចាក់បេតុង និងដាក់លូរំដោះទឹកប្រវែង៨០០ម៉ែត្រនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ដល់ព្រំដែនប្រទេសវៀតណាម។
មន្ត្រីដដែលបានបន្តថា ការអភិវឌ្ឍឥតឈប់ឈរ ក្រោមការដឹកនាំរបស់ លោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង បានកែរប្រែមុខមាត់ខេត្តស្វាយរៀង លើកកម្ពស់ការអភិវឌ្ឍ លើគ្រប់វិស័យ និងបានជំរុញកំណើនសេដ្ឋកិច្ច ឲ្យមានសន្ទុះខ្លាំងក្លាឡើង តាមរយៈការទាក់ទាញអ្នក វិនិយោគមកបណ្តាក់ទុន នៅក្នុងទឹកដីខេត្តស្វាយរៀង បង្កើតការងារឲ្យប្រជាពលរដ្ឋធ្វើនៅមូលដ្ឋានរាប់ម៉ឺននាក់ បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមានជីវភាពធូរធារបានមួយកម្រិត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ៕