(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថា សមិទ្ធផលទាំងឡាយដែលឃុំសម្រេចបាន គឺដោយសារកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងសហការល្អ រក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។
លោកស្រី ឃួន ឃុនឌី បានថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែជាមួយអាជ្ញាធរមូលដ្ឋានទាំង១១ឃុំនៅក្នុងស្រុកកំពង់ស្វាយ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។
លោកស្រីបានណែនាំឲ្យសូមមន្ត្រីជំនាញគ្រប់រូបត្រូវពិនិត្យរាល់ការងារក្នុងមូលដ្ឋានទាំងអស់ កុំទុកយូររាល់ការងារអ្វីណាមួយដែលមិនអាចដោះចេញនោះ សូមរាយការណ៍បន្ទាន់ ឬបញ្ជូនមកថ្នាក់លើ ហើយយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតសកម្មភាពនានា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម ឲ្យបានល្អប្រសើរក្នុងការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកស្រីបានស្នើអាជ្ញាធរមូលដ្ឋានត្រូវធ្វើផែនការ ដែលរកបាននូវចំណុចខ្វះខាតជាចំណុចអទិភាព ដើម្បីធ្វើការដោះស្រាយ និងរាយការណ៍ជូនថ្នាក់លើ ហើយសមាជិកទាំងអស់ត្រូវមានការសាមគ្គីភាព ដើម្បីធានារក្សាបាននូវភាពសុខដុមរមនារក្សាប្រក្រតីភាពនៃជីវភាពសង្គមសេដ្ឋកិច្ចប្រជាជនជួយឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរឡើង ថែមទៀតហើយក្រុមការងារទាំងអស់ត្រូវខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសមទ្ធិផលថ្មីៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយមានភាពជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះដែរ លោកស្រី បានលើកឡើងថា នៅថ្ងៃខាងមុខនេះ ការប្រកាសឲ្យចូលកាន់តំណែងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេស ដូច្នេះសូមឲ្យក្រុមប្រឹក្សាចូលកាន់តំណែងថ្មី ត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋ និងខិតខំធ្វើអំពើល្អដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តពីម្ចាស់ឆ្នោត៕