(ព្រៃវែង)៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ លោក មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា និងលោកស្រី សោម សុគន្ធា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងកុដិ របង និងសមិទ្ធផលនានាក្នុងបរិវេណវត្តសិរីចន្ទារាម(បាស្រី) ស្ថិតនៅក្នុងឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង។
អមដំណើរគណៈអធិបតីនាឱកាសនោះរួមមាន លោក ហង្ស វិចិត្រ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំជៃកំពក និងភរិយា ក្រុមការងារចុះជួយឃុំជៃកំពក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណ ៤០០នាក់ ។
ក្នុងឱកាសនោះ លោក ភុន សម្ផស្ស អភិបាល ស្រុកព្រះស្តេច បានរាយការណ៍សង្ខេបពីការកសាងនូវសមិទ្ធផលនានាក្នុងវត្តសិរីចន្ទារាម (បាស្រី) ដោយវត្តនេះបានកសាងឡើងនៅឆ្នាំ១៨៩៥ ដែលបច្ចុប្បន្នវត្តមានផ្ទៃដីសរុបចំនួន ៤០.០៨០ ម៉ែត្រការ៉េ បន្ទាប់ពីបានកសាងវត្តរួចព្រះសង្ឃ អាចារ្យ គណ:កម្មការវត្ត រួមនិងពុទ្ធបរិស័ទចំណុះជើងវត្តកសាងព្រះវិហារ កុដិ សាលាបុណ្យសម្រាប់ព្រះសង្ឃគង់នៅ និងពុទ្ធបរិស័ទធ្វើបុណ្យទានផ្សេងៗ ។ ជាក់ស្តែងក្នុងពេលនេះព្រះសង្ឃ អាចារ្យ គណ:កម្មការវត្ត និងពុទ្ធបរិស័ទទីជិតឆ្ងាយបានសហការកសាងសមិទ្ធផលនានារួមមាន មហាឧបាសិកា ឈុន យុន លោក មិត្ត ការ៉េន និងភរិយា លោក ហង្ស វិចិត្រ និងភរិយា រួមជាមួយក្រុមការងារចុះជួយមូលដ្ឋានស្រុកព្រះស្តេច និងឃុំជៃកំពក។
លោកអភិបាលស្រុកក៏បានសម្តែងនូវការការដឹងគុណ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ដែលតែងតែយកចិត្តទុក្ខខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុកព្រះស្តេចដែលទទួលបាននូវសមិទ្ធផលនានាជាបន្តបន្ទាប់ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រឲ្យកាន់តែរីកចម្រើនថែមទៀត។
ជាមួយគ្នាផងដែរ តាងនាមឱ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំជៃកំពក លោក ហង្ស វិចិត្រ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំជៃកំពក បានថ្លែងអំណរគុណដលរាជរដ្ឋាភិបាល ដែលបានធ្វេីឱ្យសង្គមជាតិមានសុខសន្តិភាព ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ វិស័យកសិកម្ម ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាជំងឺដ៏ចង្រៃ ធ្វេីឱ្យប៉ះពាល់ដលជីវភាពបងប្អូនប្រជាពលរដ្ឋ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមបន្តក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក ក៏បានលេីកឡេីងដែរ ថា រាជរដ្ឋាភិបាលមិនត្រឹមតែយកចិត្តទុកដាក់លើកំណើនសេដ្ឋកិច្ចជាតិប៉ុណ្ណោះ ថែមទាំងយកចិត្តទុកដាក់លើសុខមាលភាព សុខភាពរបស់ប្រជាជនគ្រប់ៗគ្នាផងដែរ ជាពិសេសការប្រយុទ្ធក្នុងសមរភូមិកូវីដ ទទួលបានជោគជ័យដ៏ធំធេងថែមទៀត។ ឯកឧត្តម ក៏សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីពេលកន្លងទៅថ្មីៗនេះ ដែលធ្វេីឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំអភិវឌ្ឍឃុំជៃកំពក បន្តទៀត ជូនបងប្អូនទាំងអស់គ្នា។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់លោកអភិបាលស្រុក និងក្រុមការងារ ចុះជួយឃុំជៃកំពក រួចមក លោក មិត្ត ការ៉េន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំជៃពក ដែលដឹកនាំដោយ ឯកឧត្តម ហង្ស វិចិត្រ បានចំណាយទំាងកម្លំាងកាយចិត្ត និងថវិកា នៅក្នុងការចូលរួមកសាងអភិវឌ្ឍន៍ ឃុំជៃពក ដែលធ្វើឲ្យពលរដ្ឋទទួលបាននូវសមិទ្ធផលថ្មីៗ ធ្វើឲ្យការរស់នៅកាន់តែមានភាពងាយស្រួលឡើង មានទីអារាមសម្រាប់ធ្វើបុណ្យ មានសាលារៀនឲ្យកូនចៅបានសិក្សា មានមណ្ឌលសុខភាពមើលព្យាបាលជំងឺជាដើម ជាក់ស្តែងសមិទ្ធផលដែលបានដាក់សម្ពោធនាឱកាសនេះ មានកុដិ របងជាដើមនោះ មានសារៈសំខាន់ក្នុងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនោះ។
លោកបានលើកឡើងពីពលីកម្មយ៉ាងធំធេងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសការលះបង់ ពលីកម្មយកអាយុជីវិតជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ។ លោកលើកឡើងថា ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ប្រទេសកម្ពុជាត្រូវបានបំផ្លិចបំផ្លាញទំាងធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធសង្គមដោយរបបអាវខ្មៅប៉ុលពត។ គណបក្សប្រជាជនកម្ពុជា បានខិតខំកសាង ដឹកនាំប្រទេសដោយបាតដៃទទេ រហូតនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិលើគ្រប់វិស័យបានដូចសព្វថ្ងៃនេះ។ លោកបានបញ្ជាក់បច្ចុប្បន្នប្រជាពលរដ្ឋបានរស់នៅក្រោមម្លប់សុខសន្តិភាព និងភាពសម្បូរសប្បាយ។
ក្នុងឱកាសនោះដែរ គណៈអធិបតី និងក្រុមការងារបានអញ្ជេីញចែកអំណោយជូនយាយជីតាជី និងដាំដេីមឈេី ជានិមិត្តរូបក្នុងបរិវេណវត្តសិរីចន្ទារាម(បាស្រី)៕