(សៀមរាប)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំង នគរបាលស្រុកពួក ស្រុកស្វាយលើ និងស្រុកវ៉ារិន នៅប៉ុន្មានថ្ងៃនេះ បានបើកប្រតិបត្តិការ ចុះបង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់ ស្ថិតនៅស្រុកចំនួន៣ ដោយឃាត់ជនសង្ស័យភាគច្រើន ជាក្រុមយុវជនចំនួន១៦នាក់ និងដកហូតថ្នាំជាច្រើនកញ្ចប់។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ស្នងការរងនគរបាលខេត្តសៀមរាប និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះថា ក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោក ឃឹម ប៊ុនសុង ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងលោកស្នងការ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលតាមស្រុកទាំង៣ បានបើកប្រតិបត្តិការស្រាវជ្រាវ ចុះបង្ក្រាបករណីគ្រឿងញៀន ជាបន្តបន្ទាប់។
លោកឧត្តមសេនីយ៍ស្នងការរង បានបន្តទៀតថា សម្រាប់ស្រុកពួកកម្លាំងនគរបាលរបស់លោក បានឃាត់ជនសង្ស័យ៤នាក់ (ចាត់ចែង និងប្រើប្រាស់) នៅស្រុកវ៉ារិន ចាប់ខ្លួនចំនួន៧នាក់ (ជួញដូរចាត់ចែង និងប្រើប្រាស់) នៅស្រុកស្វាយលើចាប់ខ្លួន៥នាក់ (ជួញដូរ ចាត់ចែង និងប្រើប្រាស់) ព្រមទាំងដកហូតថ្នាំញៀន សម្ភារសម្រាប់ជក់ និងប្រើប្រាស់មួយចំនួនធំផងដែរ។ បើតាមលោក អ៊ុំ អមរ៉ា នៅពេលនេះ ជនសង្ស័យទាំង១៦នាក់ ស្ថិតក្រោមការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕