(កំពង់ធំ)៖ អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ លោក ព្រឺម រដ្ឋា បានបដិសេធថា លោកមិនជាប់ពាក់ព័ន្ធនឹងការរត់ការ ឲ្យឈ្មួញឈូសឆាយ ដីព្រៃលិច និងអាងស្តុកទឹកថ្មី ខុសច្បាប់នោះទេ។ នេះបើយោងតាមលិខិតឆ្លើយបំភ្លឺរបស់លោកអភិបាលស្រុកស្ទោង នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ដែលអង្គភាព Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ។
លោកអភិបាលស្រុកស្ទោង បានបញ្ជាក់ថា «ដោយសារប្រឡាយទឹក មានសភាពចាស់ទ្រុឌទ្រោម បាក់រាក់ ដោយកន្លែងមិនអាចរក្សា ទឹកទុក សម្រាប់ធ្វើស្រែប្រាំងបានទេ ជាក់ស្ដែងក្នុងដើមឆ្នាំ២០១៦នេះ ដោយសារទឹកហូរ បាត់អស់ ទើបបងប្អូនធ្វើស្រែប្រាំង បានប្រមាណ៤០% តែប៉ុណ្ណោះ លើផ្ទៃដី៤៦៧ហិចតា។ ទើបក្រោយពេលច្រូតកាត់រួច បងប្អូនប្រជាពលរដ្ឋ បានធ្វើលិខិតស្នើសុំ ជួសជុលអាងទឹក និងប្រឡាយទឹក ប្រព័ន្ធភ្លឺ ទៅអភិបាលខេត្តកំពង់ធំ ដែលមានផ្តិតស្នាមមេដៃ ស្នើសុំដោយតំណាង ប្រជាពលរដ្ឋទាំង១៤៨គ្រួសារ។ ក្រោយពីបានទទួល ការអនុញ្ញាត ពីអភិបាលខេត្តកំពង់ធំ រួចមក បងប្អូនប្រជាពលរដ្ឋបានជួលគ្រឿងចក្រ២គ្រឿង ចុះទៅស្ដារទំនប់ ប្រឡាយទឹក ជីកដីដាក់លើខ្នងទំបន់ ដោយគ្មានប៉ះពាល់ព្រៃលិចទឹកទេ គឺធ្វើតាមទំនប់ចាស់ ដែលមន្ទីរធនធានទឹក បានកំណត់ដោយ ធ្វើតាមគំនូរផែនទី បានកំណត់ឱ្យ»។ លោកអភិបាលស្រុក បានបន្ដថា រូបភាពដែលអ្នកសារព័ត៌មាន ផ្សព្វផ្សាយនោះ គឺជាព្រៃដែលដុះក្នុងអាងទឹក ដែលបងប្អូនប្រជាពលរដ្ឋខិតខំរក្សាទុក ដើម្បីការពារទឹកជំនន់កុំឲ្យប៉ះពាល់ ខូចខាតខ្នងទំនប់អាងទឹក របស់ពួកគាត់។ សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ មានអ្នកសារព័ត៌មានមួយក្រុម បានទៅដល់ទីនោះ ហើយបានឃាត់គ្រឿងចក្រ មិនឱ្យកាយដី លើកទំនប់ ហើយចោទប្រកាន់ថា បានឈូសឆាយ ដីព្រៃលិចទឹក អស់ជាច្រើនហិចតា ក្រោយមកលោកអភិបាលស្រុក បានដឹកនាំមន្ដ្រីជំនាញ ចុះត្រួតពិនិត្យផ្ទាល់ជាក់ស្ដែង ក៏ពុំឃើញគ្រឿងចក្រឈូសឆាយ ព្រៃលិចទឹក ដូចដែលអ្នកសារព័ត៌មានលើកឡើងនោះទេ គឺគ្រាន់តែធ្វើការជួសជុលតាមប្រព័ន្ធទឹកចាស់ដដែល ដើម្បីលើកខ្នងទំនប់ឱ្យបានខ្ពស់ជាងមុន ដើម្បីរក្សាទឹកឱ្យបានច្រើនជាងមុនប៉ុណ្ណោះ។
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ប្រធានមន្ទីធនធានទឹក និងឧតុនិយម និងអាជ្ញាធរ ស្រុក ឃុំ មន្ដ្រីជំនាញ ពាក់ព័ន្ធជលផល បរិស្ថាន កងកម្លាំងប្រដាប់អាវុធ បានចុះទៅពិនិត្យជាក់ស្ដែងទៀត ក៏ពុំឃើញគ្រឿងចក្រឈូសឆាយ ព្រៃលិចទឹកនោះឡើយ គឺគ្រាន់តែប៉ះពាល់កូនឈើ ដែលដុះតាម ខ្នងទំនប់ចាស់ បន្តិចបន្តួចតែប៉ុណ្ណោះ៕