(ភ្នំពេញ)៖ សិប្បកម្មមួយឈ្មោះ ថា «AT Univers» ជាសិប្បកម្មដំបូងគេមួយនៅកម្ពុជា ដែលផលិតចានចេញពីស្រទបស្លា ដើម្បីនាំចេញទៅក្រៅប្រទេស និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងដែរ។
ថ្លែងប្រាប់អ្នកយកព័ត៌មានអង្គភាព Fresh News នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ នាសាកលវិទ្យាល័យបញ្ញាសាស្ត្រ រាជធានីភ្នំពេញ លោក អុន បឿន អ្នកគ្រប់គ្រង់សិប្បកម្ម ផលិតផលចានចេញពីស្រទបស្លាដំបូងបង្អស់នៅកម្ពុជានេះ បានបញ្ជាក់ថា សិប្បកម្មនេះបានចាប់ផ្ដើមបើកផលិតចាន ចេញពីស្រទបស្លា នៅដើមខែឧសភា ឆ្នាំ២០១៦។ ដោយមានការរួមសហការ ជាមួយជនជាតិកូរ៉េ ហើយមានទីតាំងស្ថិត នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកបានបន្ដទៀតថា រោងចក្ររបស់លោក អាចផលិតចានក្នុង១ថ្ងៃបានចាប់ពី២០០០ ទៅ៣០០០ចាន ដោយមានបុគ្គលិកប្រមាណ ជា២២នាក់។ ដោយឡែកសម្រាប់ការលក់វិញ លោក អុន បឿន បានបញ្ជាក់ថា សិប្បកម្មរបស់លោកមានគំរោងបោះដុំលក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសផងដែរ។ សម្រាប់តំលៃនៃការលក់ ឬនាំចេញវិញ លោកមិនទាន់បាន បញ្ជាក់នៅឡើយទេ។
អ្នកគ្រប់គ្រងសិប្បកម្មផលិតចានពីស្រទបស្លារូបនេះ បានប្រាប់ឲ្យដឹងថា គោលបំណងដែលជំរុញឲ្យសិប្បកម្មរបស់លោកបង្កើតចាន ចេញពីស្រទបស្លានេះឡើង ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក ក៏ដូចជាឲ្យប្រជាពរដ្ឋខ្មែរយើង ប្រើប្រាស់ផលិតផលដែលគ្មាន ជាតិគីមី។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺជួយដល់ប្រជាពរដ្ឋ ដើម្បីឲ្យពួកគាត់មានចំណូល ពីការលក់ស្រទបស្លា មានការងារធ្វើ និងមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថានផងដែរ។
លោកក៏បានបញ្ជាក់ទៀតថា ការផលិតផលនេះ គ្មានគុណវិបត្តិនោះទេ ព្រោះការផលិត ផ្ដលប្រយោជន៍ជាច្រើនដល់សង្គម៕