(ភ្នំពេញ)៖ លោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឲ្យលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្កុជា និងលោក Tanes Petsuwan នាយកប្រតិបត្តិនៃអជ្ញាធរទេសចរណ៌ជាតិថៃ TAT បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងស្វាគមន៍ គណៈប្រតិភូសាព័ត៌មាន Mega Fam Trip មកពីទីផ្សារទេសចរណ៍ផ្លូវឆ្ងាយ Long-haul ទ្វីបអឺរ៉ុប និងតំបន់មជ្ឃឹមបូព៌ាចំនួន៥២រូប។
គណៈប្រតិភូសារព័ត៌មានទាំង៥២រូបនោះ ធ្វើដំណើរ ទស្សនកិច្ចសិក្សាស្វែងយល់ និងផ្តិតយករូបភាពដោយផ្ទាល់ពីសក្តានុពលភាព នៃវិស័យទេសចរណ៍កម្ពុជា ជាពិសេសតំបន់ឆ្នេរ ដែលមានការតភ្ជាប់យ៉ាងល្អតាមផ្លូវគោគ និងផ្លូវទឹករវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ក៏ដូចជាតំបន់អាស៊ាន ASEAN Connectivity បន្ទាប់ពីមានការបើកចំហ យ៉ាងទូលាយនូវសហគមសេដ្ឋកិច្ចអាស៊ាន AEC។ ពិធីជប់លៀងនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នាសណ្ឋាគារ Moon Julie ខេត្តព្រះសីហនុ។
ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង ដល់ភ្ញៀវទេសចរអន្តរជាតិក្នុងពិភពលោក បានមើលឃើញយ៉ាងជាក់ច្បាស់នូវផលិតផល និងសេវាកម្មទេសចរណ៍ នៅតាមបណ្តាខេត្ត ស្ថិតក្នុងតំបន់ច្រករបៀងទេសចរណ៍ភាគខាងត្បូង ព្រមទាំងចូលរួមយុទ្ធនាការអបអរសាទរ ឆ្នាំទស្សនាអាស៊ាន VISIT ASEAN@50 2017។
ទន្ទឹមនឹងនេះកម្ពុជាក៏អាចចាប់យកឱកាសដើម្បីផ្សព្វផ្សាយ ដល់អ្នកសារព័ត៌មានអន្តរជាតិបានដឹងថា កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ Cambodia-Kingdom of Wonder ជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ ដ៏មានសុខ សន្តិភាព និងមានការរីកចំរើន យ៉ាងខ្លាំង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់រាជរដ្ឋាភិបានដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ដល់ភ្ញៀវទេសចរពីគ្រប់ទិសទីក្នុងពិភពលោក។
ប្រតិភូសារព័ត៌មានខាងលើ បានចំណាយពេលវេលាចំនួន០៩ថ្ងៃគត់ ក្នុងដំណើរទស្សនាមកកាន់ប្រទេសទាំងពីរ ដោយក្នុងនោះទស្សនា ប្រទេសថៃ ចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៩ ខែឧសភា ឆ្នាំ២០១៦ រួមមានទីក្រុងបាងកក និងខេត្តប្រាចិនបុរី និងទស្សនាព្រះរាជាណាចកក្រកម្ពុជាមានចំនួន០៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែឧសភា ឆ្នាំ២០១៦ ដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត កែប កោះនានា និងរាជធានីភ្នំពេញ។
តាមរយៈដំណើរទស្សនកិច្ចនេះ យើងជឿជាក់ថា គោលដៅទេសចរណ៍នៃប្រទេសទាំងពីរ ជាពិសេសព្រះរាជាណាចក្រកម្ពុជា នឹងត្រូវបានផ្សព្វផ្សាយ កាន់តែខ្លាំងថែមទៀតនៅតំបន់អឺរ៉ុប និងមជ្ឈឹមបូព៌ា ដែលជាចលករជំរុញកំណើនទេសចរណ៍ពីតំបន់នោះ មកកាន់គោលដៅទេសចរណ៍នៃប្រទេសទាំងពីរកាន់តែច្រើនផងដែរ ដើម្បីរួមចំណែកបង្កើនល្បឿនសេដ្ឋកិច្ចជាតិ ចំណូលប្រជាពលរដ្ឋមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ៕