(ក្រចេះ)៖ ការបញ្ចប់វិបត្តិអន្ទាក់ និងជួញដូរសត្វព្រៃខុសច្បាប់ ត្រូវតែផ្តើមចេញពីសកម្មភាពនៃការចូលរួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងការអនុវត្តច្បាប់ ឱ្យបានតឹងរឹងពីអាជ្ញាធរមូលដ្ឋាន។
ស្ថាប័ននៃរាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូ ក្នុងវិស័យបរិស្ថាន បានរួមគ្នាប្រកាសបើកយុទ្ធនាការអន្ទាក់សូន្យ ក្នុងតំបន់ការពារធម្មជាតិកម្ពុជា ហើយបានប្តេជ្ញាចិត្តរួមគ្នាថា នឹងចាត់វិធានការចាំបាច់នានា ដើម្បីឈានទៅបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។
ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តក្រចេះ រដ្ឋបាលខេត្តក្រចេះ អង្គការអភិរក្សអន្តរជាតិ (CI) គម្រោងព្រៃឡង់បៃតង អង្គការ WWF អង្គការ WCS អង្គការ WEA អង្គការ NatureLife និងអង្គការ RECOFTC បានរៀបចំយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តក្រចេះ នៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០២២នេះ ដើម្បីបញ្ឍប់ការដាក់អន្ទាក់គ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដើម្បីអភិរក្សសត្វព្រៃអោយនៅគង់វង្ស និងការពារអោយសត្វព្រៃនៅកម្ពុជា មានចំនួនសម្បូរឡើងវិញ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «ក្រសួងបរិស្ថានសូមធ្វើការវាយតម្លៃខ្ពស់ ដល់កិច្ចសហការរួមគ្នាល្អពីសំណាក់អង្គការដៃគូទាំងអស់ ក្នុងការរៀបចំ និងអនុវត្តយុទ្ធនាការអន្ទាក់សូន្យ ក្នុងខេត្តស្ទឹងត្រែង និងព្រះវិហារ ដោយជោគជ័យ ហើយដែលព្រឹត្តិការណ៍ទាំងអស់នោះ ពិតជាបានពញ្ញាក់ស្មារតី និងចំណាប់អារម្មណ៍របស់សាធារណជនទូទៅ និងភាគីពាក់ព័ន្ធទាំងអស់ឲ្យចង់ស្វែង យល់បន្ថែមអំពីយុទ្ធនាការនេះ ខណៈពេលប្រជាជន និងអ្នកពាក់ព័ន្ធមួយចំនួន បានចាប់ផ្តើមចូលរួមផ្សព្វផ្សាយបន្ត»។
លោកបានអំពាវនាវយ៉ាងទទូចថា «ផ្អែកលើលទ្ធផលបថមនេះ ខ្ញុំសូមឧទ្ទិសឲ្យស្មារតី និងតម្លៃនៃយុទ្ធនាការត្រូវបានចងចាំទុក និងពូនជ្រោងឡើងពីសំណាក់ប្រជាជនកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកទឹកចិត្តឲ្យមានសកម្មភាពរួមគ្នាបន្ថែមទៀត សំដៅធានាគ្មានការដាក់អន្ទាក់ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា បំបាត់ឲ្យបាននូវការបរបាញ់គ្រប់ទម្រង់ដែលច្បាប់ហាមឃាត់ និងបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់»។
តាមរយៈការទទូចបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យឈប់ទទួលទានសាច់សត្វព្រៃ ឬជាវផលិតផលពីសត្វព្រៃដទៃទៀត លោក នេត្រ ភក្ត្រា បន្តអំពាវនាវដល់ជនគ្រប់រូប នៅក្នុងប្រទេសកម្ពុជាឱ្យនិយាយថា «ទេចំពោះការទិញ/លក់ ឬបរិភោគសាច់សត្វព្រៃ ហើយទន្ទឹមនឹងនេះ សូមលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការការពារសត្វព្រៃ និងធនធានធម្មជាតិកម្ពុជា ដើម្បីគាំទ្រការចូលរួមកសាងសេដ្ឋកិច្ចមូលដ្ឋាន ឱ្យប្រសើរឡើងថែមទៀត ជាពិសេសតាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ និងសម្រាប់ជាប្រយោជន៍ ដល់ប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា និងសកលលោក»។
លោក សេង ប៊ុនរ៉ា ប្រធានបច្ចេកទេសជាន់ខ្ពស់ នៃអង្គការអភិរក្សអន្តរជាតិ(CI) បានមានប្រសាសន៍ថា «តាមរយៈទិន្នន័យបានបង្ហាញអោយឃើញថា កត្តាប្រឈមនៃការប្រើប្រាស់អន្ទាក់ ដើម្បីចាប់សត្វព្រៃនៅក្នុងព្រៃនៃប្រទេសកម្ពុជាបច្ចុប្បន្ន វានឹងប្រែក្លាយទៅជាព្រៃដែលលែងមានវត្តមានសត្វព្រៃតទៅទៀត។ មធ្យោបាយតែមួយគត់ដែលអាចស្រោចស្រង់វត្តមានសត្វព្រៃវិញបាននោះ គឺទាល់តែលែងមានតំរូវការ និងការជួញដូរសត្វព្រៃ»។
លោក សេង ទៀក នាយកអង្គការ WWF កម្ពុជាបានមានប្រសាសន៍ថា «ប្រឈមមុខនឹងវិបត្តិអន្ទាក់ ដែលកំពុងបំផ្លាញជីវិតសត្វព្រៃកម្ពុជា ដោយមិនរើសមុខ យើងម្នាក់ៗមានតួនាទីចូលរួមធានាថាគ្មានការដាក់អន្ទាក់ ក្នុងតំបន់ការពារ តំបន់ព្រៃសហគមន៍ និងក្នុងដែនជម្រកធម្មជាតិផ្សេងៗទៀតដែលមានសត្វព្រៃរស់នៅ ជាពិសេសតាមរយៈការពង្រឹងវិស័យគោលនយោបាយ និងបទបញ្ញត្តិពាក់ព័ន្ធ ព្រមទាំងការបង្កើនការអនុវត្តច្បាប់។ ទន្ទឹមគ្នានេះដែរ គេចាំបាច់ត្រូវអនុវត្តវិធានការរួមគ្នាបន្ទាន់ ដើម្បីបញ្ឈប់តម្រូវការសាច់សត្វព្រៃ និងផលិតផលពីសត្វព្រៃគ្រប់ប្រភេទ ដោយដាក់ចេញនូវបម្រាមចំពោះរាល់ការទិញ លក់ ដឹកជញ្ជូន និងបរិភោគសត្វព្រៃ ដើម្បីបញ្ចប់ការជួញដូរសត្វព្រៃគ្រប់ទម្រង់ និងជួយសង្គ្រោះសត្វព្រៃដែលជាបេតិកភណ្ឌ
ធម្មជាតិកម្ពុជា ឲ្យជៀសផុតពីការផុតពូជ នាពេលអនាគត»។
លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សតំបន់ទន្លេមេគង្គនៃអង្គការ WCS បានមានប្រសាសន៍ថា «យុទ្ធនាការអន្ទាក់សូន្យនេះ គឺជាការអំពាវនាវមួយដល់សាធារណជនទូទៅ ឱ្យធ្វើការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ដោយបញ្ឈប់ការជួញដូរ និងបរិភោគសាច់សត្វព្រៃនិងសត្វព្រៃ។ យុទ្ធនាការនេះក៏មានសារៈសំខាន់ផងដែរ ក្នុងការចូលរួមចំណែកលុបបំបាត់សកម្មភាពនេសាទខុសច្បាប់ ដែលវាមិនត្រឹមតែគំរាមកំហែងដល់ធនធានមច្ឆាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់ប្រភេទសត្វ ដែលកំពុងរងគ្រោះជិតផុតពូជនៅលើពិភពលោកផងដែរ ដូចជា ប្រភេទ កន្ធាយក្បាលកង្កែប ត្រីផ្សោត និងបបែលយក្សជាដើម។»
លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការ Wild Earth Allies Cambodia បានមានប្រសាសន៍ថា «ប្រទេសកម្ពុជា ត្រូវគេទទួលស្គាល់ថា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលសម្បូរធនធានជីវចម្រុះនៅអាស៊ីអាគ្នេយ៍។ តាំងពីអតីតកាល រហូតដល់បច្ចុប្បន្នអ្នកវិទ្យាសាស្រ្ត បានបង្ហាញថាកម្ពុជា ជាទីជម្រកដ៏សំខាន់នៃប្រភេទសកល ដែលកំពុងទទួលការគម្រាមកំហែង រួមមានដំរីអាស៊ី ខ្លា ខ្ទីង ទន្សោង ខ្លាឃ្មុំ ទោច ប្រើសជាដើម។ ក៏ប៉ុន្តែធនធានជីវជម្រុះរបស់ប្រទេសកម្ពុជា កំពុងស្ថិតក្រោមសម្ពាធនៃការគម្រាមកំហែង។ ពិតណាស់អន្ទាក់ត្រូវបានចាត់ទុកថា ជាកត្តាគម្រាមមួយក្នុងចំណោមកត្តាគម្រាមធំៗផ្សេងទៀត ចំពោះសត្វព្រៃ។ បញ្ហាទាំងនេះហើយដែលធ្វើឱ្យប្រភេទសត្វព្រៃថយចុះ និងរងផលអវិជ្ជមានទាំងទួនាទី និងមុខងារនៃប្រព័ន្ធជីវចម្រុះ ពីព្រោះប្រភេទមួយចំនួនដូចជាដំរីអាស៊ី បាននឹងកំពុងដើរតួរនាទីយ៉ាងសំខាន់ នៅក្នុងប្រព័ន្ធអេកូឡូស៊ី ដូចជាការពង្រាយគ្រាប់ពូជ បើកប្រឡោះផ្លូវសម្រាប់ប្រភេទផ្សេងៗ ក្នុងព្រៃក្រាស់ បង្កើតប្រភពទឹកក្នុងរដូវប្រាំង និងជីកកកាយដីច្រាបសម្រាប់សត្វដទៃ ប្រើប្រាស់ផងដែរ។ លទ្ធផលពីកាមេរ៉ាស្វ័យប្រវត្តិរបស់យើង បានបង្ហាញថា សត្វព្រៃមួយចំនួនពិការជើង និងរងរបួសដោយសារអន្ទាក់។ ពេលនេះជាពេលវេលាដ៍សំខាន់ ដែលយើងត្រូវបង្ហាញចេញនូវក្តីបារម្ភ និងសកម្មភាពយើងចំពោះការបាត់បង់ជីវចម្រុះ ខណៈដែលវាមិនទាន់ហួសពេលនៅឡើយ។ ក្រៅពីអន្ទាក់ក្រុមទីវាលរបស់យើងបានអង្កេតឃើញថា កត្តាគម្រាមដ៏គ្រោះថ្នាក់មួយទៀត គឺកាំភ្លើងកែរច្នៃ ដែលអ្នកភូមិហៅថា កាប៊ីនដែលប្រើដោយអ្នកប្រម៉ាញ់មូលដ្ឋានដោយសម្លាប់ សត្វព្រៃសម្រាប់ធ្វើម្ហូប និងជួញដូរ។ ការចាប់សត្វរស់ដូចជា សត្វសំពោច ពង្រូល ស្វាក្តាម សម្រាប់ធ្វើពាណិជ្ជកម្មក៍មិនត្រូវមើលរំលងដែរ។ ដូចដែលយើងគ្រប់គ្នាទទួលស្គាល់ហើយថា យើងបានបាត់បង់សត្វព្រៃ៣ ប្រភេទរហូតមកដល់ពេលនេះ។ សត្វទាំងនោះគឺគោព្រៃ រមាស និងខ្លា។ ខ្ញុំមានអារម្មណ៍ល្អប្រសើរបន្តិច ចំពោះការបង្ហាញចេញនៅការបារម្ភ និងសកម្មភាពនាពេលនេះ និងបានយល់ដឹងពីដៃគូររបស់យើង ដែលបានបង្ហាញការបារម្ភរបស់ពួកគេ។ ក្នុងនាមឱ្យអង្គការ WEA ខ្ញុំសូមចូលរួមគាំទ្រយុទ្ធនាការអន្ទាក់សូន្យនេះ យ៉ាងពេញទំហឹង និងសូមអំពាវនាវឱ្យបងប្អូនទាំងអស់គ្នា បញ្ឈប់ការប្រម៉ាញ់ និងជូញដូរសត្វព្រៃ»។
លោក ប៊ូ វរសក្ស នាយកអង្គការ NatureLife Cambodia មានប្រសាសន៍ថា «ខណៈដែលអង្គការ NatureLife បាននឹង
កំពុងគាំទ្រដល់ឧទ្យានុរក្ស និងគណៈកម្មការសហគមន៍ ក្នុងការល្បាតដកហូត និងដោះអន្ទាក់ចេញពីព្រៃ យើងសំណូមពរ
ដល់អាជ្ញាធរមានសមត្ថកិច្ច ធ្វើការបង្រ្កាបការជួញដូរសាច់សត្វព្រៃដោយខុសច្បាប់ នៅតាមទីផ្សា និងភោជនីយដ្ឋាននានា
សត្វព្រៃរបស់យើងអាចរក្សាបានលុះណា តែយើងចូលរួមការពារទាំងអស់គ្នា!!»។
តំណាងអង្គការរីខូហ្វ ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «ជារួមការលើកកម្ពស់ការចូលរួមរបស់ប្រជាជន ពិសេសសហគមន៍មូលដ្ឋាន គឺជាមូលដ្ឋានគ្រឹះក្នុងការបញ្ចប់ការដាក់អន្ទាក់ និងការជួយដូរសត្វព្រៃ។ កិច្ចការនេះអាចធ្វើទៅបានតាមរយៈការបង្កើនជីវភាព ការ ពង្រឹងសមត្ថភាពលើសិទ្ធិ ច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងធនធានធម្មជាតិ ក៏ដូចជាការ បង្កើនការយល់ដឹងដូចដែលយើងបានធ្វើក្នុងថ្ងៃនេះ»។
ក្រសួងបរិស្ថាន និងដៃគូទាំងអស់ក៏កំពុងសហការគ្នា ដើម្បីស្វែងរកវិធីសាស្ត្រក្នុងការផ្តល់នូវជម្រើសនៃរបរចិញ្ចឹមជិវិតបន្ថែមរាប់បញ្ចូលទាំងរបរក្នុងវិស័យកសិកម្ម កសិរុក្ខកម្ម និងទេសចរណ៍ធម្មជាតិ ជូនដល់សហគមន៍មូលដ្ឋានដែលរស់នៅក្បែរតំបន់ការពារធម្មជាតិ ហើយតែងប្រកបរបរប្រពៃណីដូចជា ការប្រមូលអនុផលព្រៃឈើ ការបរបាញ់បែបប្រពៃណីសម្រាប់យកសាច់ និងលក់ដូរមួយចំនួនផងដែរនោះ។ កិច្ចសហការនេះក៏ផ្តោតលើគោលបំណងកែប្រែឥរិយាបទ និងការនិយមបរិភោគសត្វព្រៃរបស់ប្រជាជនផងដែរ ដើម្បីការពារសុខភាពសាធារណៈ ពីហានិភ័យនៃប្រភេទជម្ងឺឆ្លងផ្សេងៗ ជាយថាហេតុនៅថ្ងៃអនាគត។
យុទ្ធនាការអន្ទាក់សូន្យនេះ នឹងប្រព្រឹត្តក្នុងរយៈពេល៦ខែនៅតាមបណ្តាខេត្តដូចជា៖ ស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងរតនគិរី៕